ភ្នំពេញ ៖ ការស្តារប្រឡាយ បឹងទំពន់ ដើម្បីរំដោះទឹករដូវវស្សាក្នុងខណ្ឌចំនួន៥ នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៤ ខែមិថុនាសម្រេចបាន៦០ភាគរយហើយ។ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងស្តារប្រឡាយបឹងទំពន់ ដែលមានប្រវែងជិត៤គីឡូម៉ែត្រ ដើម្បីរំដោះ និងបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។
បើតាមលោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ប្រឡាយបឹងទំពន់ មានប្រវែង ៣៧១០ម៉ែត្រ និងមានទទឹង៣០ម៉ែត្រ ដែលភ្ជាប់ពីប្រឡាយស្ទឹងមានជ័យ ដល់ស្ថានីយបូមទឹកបឹងទំពន់ផ្លូវ៣៧១ ។ ប្រឡាយនេះបានចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ហើយមកដល់ពេលនេះ ក្រុមការងារបានស្តារប្រឡាយបឹងទំពន់ សម្រេចបាន៦០ភាគរយហើយ គិតជាប្រវែង ២២០០ម៉ែត្រ ។
លោក បានបន្ថែមថា ប្រឡាយបឹងទំពន់នេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោក និង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។
លោក ដួង ចាន់សារ៉ាត់ ក៏បានស្នើឱ្យប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយបូមទឹកបាន ដែលបង្កជាជំនន់ និងស្ទះទឹកតាមប្រព័ន្ធលូជាដើម៕
អត្ថបទ៖ ប្រាក់ វ៉ាន់ដា