
រដ្ឋាភិបាលចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) បានចោទប្រកាន់សេវាសន្តិសុខរុស្ស៊ីថា បានចូលរួមក្នុងយុទ្ធនាការចារកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាបន្តបន្ទាប់ប្រឆាំងនឹងអ្នកនយោបាយជាន់ខ្ពស់ អ្នកសារព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាល។
រុស្ស៊ីត្រូវបានសង្ស័យថា បានជ្រៀតជ្រែកក្នុងនយោបាយរបស់ចក្រភពអង់គ្លេសកាលពីមុន ក្នុងនោះរួមទាំងការបែកបាក់ ក្នុងការធ្វើប្រជាមតិ Brexit (ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប) ឆ្នាំ២០១៦ ផងដែរ ប៉ុន្តែរដ្ឋាភិបាលរបស់គណបក្សអភិរក្សនិយម ត្រូវបានរិះគន់ ដែលខកខានមិនបានស៊ើបអង្កេតបញ្ហានេះ។
នៅក្នុងការអះអាងចុងក្រោយនេះ ក្រសួងការបរទេសចក្រភពអង់គ្លេស បាននិយាយថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) នៅពីក្រោយ «ការប៉ុនប៉ងមិនជោគជ័យ ដែលមានបំណងជ្រៀតជ្រែកក្នុងដំណើរការនយោបាយរបស់ចក្រភពអង់គ្លេស» ហើយបាននិយាយថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងឡុងដ្រ៍ ពាក់ព័ន្ធនឹងបញ្ហានេះ។
ជាមួយគ្នានេះ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក មិនបានទម្លាក់ចោលការចោទប្រកាន់លើជនជាតិរុស្សី ២នាក់ ជុំវិញការលួចចូលបណ្តាញកុំព្យូទ័រ ក្នុងប្រទេសអង់គ្លេស សហរដ្ឋអាមេរិក និងបណ្តាប្រទេសរបស់អង្គកាណាតូផ្សេងទៀត។ ជនទាំង ២នាក់នោះ ឥឡូវនេះប្រឈមនឹងទណ្ឌកម្មពីប្រទេសទាំង២។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការជ្រៀតជ្រែកដល់នយោបាយរបស់ចក្រភពអង់គ្លេស គឺមិនអាចទទួលយកបានជាដាច់ខាត ហើយស្វែងរកការគំរាមកំហែងដល់ដំណើរការប្រជាធិបតេយ្យរបស់យើង»។
ការិយាល័យរបស់លោក Cameron បានឲ្យដឹងថា មជ្ឈមណ្ឌល 18 ដែលជាអង្គភាពមួយ នៅក្នុង FSB ទទួលខុសត្រូវ ចំពោះ «ប្រតិបត្តិការចារកម្មតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើន» ដែលដាក់គោលដៅមកលើចក្រភពអង់គ្លេស៕