
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា រថយន្តមួយគ្រឿង បានបុកចូលក្នុងទីតាំងអគារមួយកន្លែង ជាសាលារៀនឯកជននៅជិតទីក្រុងតូក្យូ បណ្តាលឲ្យមនុស្ស៥នាក់រងរបួស រួមទាំងអ្នកបើកបរក្នុងវ័យ៨០ឆ្នាំរបស់លោក។ យោងតាមនគរបាល បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើង នៅម៉ោងប្រហែល៤:៣០ នាទីល្ងាច ម៉ោងក្នុងស្រុក នៅពេលដែលរថយន្តអ្នកដំណើរមួយគ្រឿងបើកបរដោយបុរសមានអាយុ៨៦ឆ្នាំ បានបុកចូលអាគារដែលជាទីតាំងសាលារៀនឯកជន ក្នុងតំបន់ Aoba Ward ទីក្រុងYokohama។
រថយន្តបានបុកចូលក្នុងបន្ទប់នៅជាន់ទី១ ពីកន្លែងចតរថយន្តដែលនៅក្បែរគ្នា បណ្តាលឲ្យមនុស្ស៥ នាក់រងរបួស រួមទាំងអ្នកបើកបររថយន្ត ដោយមានស្ត្រីអាយុ៩០ឆ្នាំម្នាក់រួមដំណើរជាមួយលោក ដែលក្នុងពេលកើតហេតុ មានគ្រូបង្រៀនប្រុសម្នាក់ ក្នុងវ័យ៥០ឆ្នាំ និងបុគ្គលិកប្រុសការងារក្រៅម៉ោងវ័យក្មេង២នាក់ នៅខាងក្នុងអគារ។
អាជ្ញាធរតំបន់ កំពុងស៊ើបអង្កេតពីហេតុការណ៍ជុំវិញឧបទ្ទវហេតុនេះ។ ខណៈប្រទេសជប៉ុនដោះស្រាយបញ្ហាប្រឈមនានានៃចំនួនប្រជាជនវ័យចំណាស់របស់ខ្លួន សុវត្ថិភាពនៃអ្នកបើកបរវ័យចំណាស់ បានបង្កើនក្តីបារម្មណ៍ជាច្រើន។
ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងឆ្នាំ២០២២ ចំនួន គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់ បង្កឡើងដោយអ្នកបើកបរមានអាយុ៧៥ឆ្នាំ ឬច្រើនជាងនេះ នៅក្នុងប្រទេសជប៉ុន បានកើនឡើងដល់ ៣៧៥ ករណី។