ភ្នំពេញ ៖ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្តល់លើការអនុវត្តគម្រោងនៃកម្មវិធី3I បានកំពុងគាំទ្រដល់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា នឹងបានកំពុងពង្រីកវិសាលភាព នៃការទទួលបានទឹកស្អាតតាមបណ្ដាញ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងកម្មវិធី3I របស់ប្រទេសអូស្ត្រាលី ក្នុងនោះ លើវិស័យទឹកស្អាតឃើញថា បានកំពុងគ្របដណ្ដប់ស្ទើរទូទាំងប្រទេស ក្នុងដំណាក់កាលផ្សេងៗគ្នា ហើយគម្រោងនេះ ពិតជាបានរួមចំណែកជាមួយក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលកំណត់ថា នៅឆ្នាំ២០២៥ នៅតាមទីប្រជុំជន នឹងទទួលទឹកស្អាតប្រើប្រាស់ ១០០% នឹងនៅឆ្នាំ ២០៣០ ទទួលបានទូទាំងប្រទេសតាមគ្រប់មធ្យោបាយ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ លើកឡើងនៅក្នុង ពិធីទទួលផែនទី តំបន់សេវាទឹកស្អាតពីកម្មវិធី3I របស់អូស្ត្រាលី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២១ ថា ការទទួលបានផែនទីនេះ គឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីដឹងពីស្ថានភាព និងដើម្បីតាមដានពីវឌ្ឍនភាពនៃការផ្គត់ផ្គង់ទឹកស្អាត ដោយកម្មវិធីនេះ បានកំពុងពង្រីកវិសាលភាព នៃការទទួលបានទឹកស្អាតតាមបណ្ដាញ របស់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសផែនទី នៃកម្មវិធី 3I គឺជាមូលដ្ឋានការពិនិត្យវាយតម្លៃ កំណត់គោលដៅបន្ថែម ក៏ដូចជា កាដាក់ចេញនូវគោលនយោបាយផ្សេងៗ ។
ជាមួយគ្នានេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏បានស្នើឲ្យប្រទេសអូស្ត្រាលី បន្តការផ្តល់ជំនួយអភិវឌ្ឍ ជំនួយបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យា ដូចជាជំនាញការធ្វើបច្ចុប្បន្នភាពលើផែនទីសេវាគ្របដណ្តប់ និងការពិនិត្យលទ្ធភាពផ្តល់ជំនួយបច្ចេកទេសចំពោះការបំពាក់ប្រព័ន្ធ Sensor សម្រាប់ត្រួតពិនិត្យគុណភាពទឹកប្រចាំថ្ងៃផងដែរ ។
ឯកឧត្ដម Luke Arnold ឯកអគ្គរដ្ឋទូតរងអូស្ត្រាលី ប្រចាំកម្ពុជា បានបញ្ជាក់ពីជំហររបស់អូស្ត្រាលី ក៏ដូចជាបេសកកម្មរបស់កម្មវិធី 3I ក្នុងការចូលរួមចំណែកការអភិវឌ្ឍ តាមរយៈការវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនោះបានផ្តោតលើហិរញ្ញប្បទានឥតសំណង សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត វិស័យអគ្គិសនី ស្តង់ដារផលិតផល និងកសិ-កែច្នៃជាដើម, ក្រៅពីនេះ ប្រទេសអូស្ត្រាលីក៏មានជំនួយអភិវឌ្ឍក្រោមក្របខណ្ឌអាស៊ាន-អូស្ត្រាលី និងក្នុងក្របខណ្ឌមហាអនុតំបន់ទន្លេមេគង្គផងដែរ ៕
អត្ថបទ៖ សុន រ៉ាឌី