កំពត ៖ ក្រោយមានការផ្សព្វផ្សាយថា មេប៉ុស្តិ៍ស្រែចែង ស្រុកជុំគិរី ខេត្តកំពត រងការចោទប្រកាន់ថា បានចាប់ខ្លួនយុវជនម្នាក់ដោយសង្ស័យពាកព័ន្ធគ្រឿងញៀន តែពិនិត្យទៅមិនមានពាក់ព័ន្ធ ក៏ដោះលែងវិញ និងបានយកប្រាក់៧០ម៉ឺនរៀលពីគ្រួសារយុវជននោះ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានសម្រេចផ្អាកការងារជាបណ្តោះអាសន្នលោកមេប៉ុស្តិ៍ស្រែចែង និងអធិការរងទទួលគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគីរី ដោយមូលហេតុមន្រ្ដីនគរបាលទាំង២រូបនេះបានអនុវត្តតួនាទី ភារកិច្ច ផ្ទុយពីវិន័យលេខ ០០៦បបជ របស់កងកម្លាំងនគរបាលជាតិ។
យោងលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ដែល BTV ទទួលបាន គឺបានផ្អាកតួនាទី ភារកិច្ចបណ្តោះអាសន្ន នាយនគរបាលជាតិ ចំនួន ០២រូប មាន១- លោកវរសេនីយ៍ត្រី សម សីហា អត្តលេខ ៧៩៣០៩ ឋានៈ អធិការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី។ ២- លោកវរសេនីយ៍ត្រី គង់ កប អត្តលេខ ៤១៨៣២ ឋានៈ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចែង នៃអធិការដ្ឋាននគរបាលស្រុកជុំគិរី៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

