ភ្នំពេញ ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលចេញនៅថ្ងៃនេះ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយលោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន(Vitit Muntarbhorn)អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសដែលលោកសាស្ត្រាចារ្យអញ្ជើញមកបំពេញទស្សនកិច្ចការងារដោយផ្ទាល់ជាលើកទីពីរនៅកម្ពុជា។
ប្រភពដដែលបន្តថា ក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានថ្លែងសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តខ្ជា ប់ខ្ជួនរបស់កម្ពុជា ចំពោះការលើកកម្ពស់សិទ្ធិមនុស្ស ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការឯកភាពរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះ ក្នុងការបន្តសុពលភាពនៃអាណត្តិរបស់អ្នករាយការណ៍ពិសេសសម្រាប់រយៈពេលពីរឆ្នាំទៀត។ ឯកឧត្ដមបានបញ្ជាក់ជាថ្មីជូនអ្នករាយការណ៍ពិសេសនូវការប ន្តកិច្ចសហការរបស់កម្ពុជា ជាមួយគ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិមនុស្ស។
ក្នុងជំនួបនេះដែរ ឯកឧត្តមក៏បានបង្ហាញនូវវឌ្ឍនភាពសំខាន់ៗក្នុងវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខមាលភាពការងារ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងកិច្ចការពារបរិស្ថានជា ដើម។ អ្នករាយការណ៍ពិសេសរបស់ UN បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរប ស់រាជរដ្ឋាភិបាល ដោយបានទទួលស្គាល់នូវជោគជ័យនៃការផ្ដល់វ៉ាក់សាំងកូវីដ-១៩ គោលនយោបាយ គាំពារសង្គម សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចគាំពារកុមារ ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (Universal Periodic Review) និងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ដទៃទៀតជាដើម។
ភាគីទាំងពីរក៏បានពិភាក្សាអំពីនីតិវិធីនៃការវាយតម្លៃ និងការរៀបចំរបាយការណ៍ ដោយផ្តោតសារៈសំ ខាន់លើការពិនិត្យផ្ទៀងផ្ទាត់ដោយហ្មត់ចត់នូវព័ត៌មានដែលទទួលបាន។ ឯកឧត្ដម សុខ ចិន្តាសោភា បានបញ្ជាក់ជាថ្មីថា វិធីសាស្ត្ររបស់កម្ពុជាចំពោះសិទ្ធិមនុស្ស គឺផ្អែកលើគោលការណ៍នៃការគោរព ការមិនធ្វើនយោបាយតូបនីយកម្ម ការមិនជ្រើសរើសតែមួយជ្រុង ការពឹងផ្អែកលើព័ត៌មានដែលត្រូវបានពិ និត្យផ្ទៀងផ្ទាត់ត្រឹមត្រូវ និងកិច្ចសន្ទនាពិតប្រាកដ។ ប្រមុខការទូតកម្ពុជា ក៏បានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការយល់ដឹងអំពីកាលៈទេសៈពិសេសរបស់ប្រទេស រួមទាំងវប្បធម៌ផងដែរ។
កម្ពុជា និងភាគី UN ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីលទ្ធភាពរបស់កម្ពុជា ក្នុងការបំពេញតួនាទីស្នូលក្នុង ការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងក្របខណ្ឌតំបន់ និងសកលលោក ដែលរួមមានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(ASEAN Intergovernmental Commission on Human Rights) សិទ្ធិទទួលបានបរិស្ថានស្អាត សុវត្ថិភាព និងប្រកបដោយចីរភាព ធុរកិច្ច និងសិទិ្ធមនុស្ស ព្រមទាំងការត្រួតពិនិត្យជាសកលតាមកាលកំណត់។
អ្នករាយការណ៍ពិសេសរបស់ UN ក៏បានថ្លែងកោតសរសើរផងដែរ ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំកន្លងទៅ៕ ដោយ៖ គង់ ឌិន





