ពោធិ៍សាត់ ៖ គណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ ការងារថែទាំជាប្រចាំ ផ្លូវក្រាលកៅស៊ូរប្រភេទDBSTចំនួន៥ខ្សែ ជាលើកទី២ក្នុងខេត្តពោធិ៍សាត់ ដែលស្ថិតក្នុងគម្រោងការងារថែទាំផ្លូវជាប្រចាំក្នុងឆ្នាំ២០២៣ ដោយគិតចាប់តាំងពីដើមខែមករា រហូតដល់ចុងខែធ្នូ ដែលអនុវត្តន៍គម្រោងដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ។ ផ្លូវកៅស៊ូរទាំង៥ខ្សែនេះ សរុបមានប្រវែងជិត ៦១ គីឡូម៉ែត្រ ស្ថិតក្នុងស្រុកក្រគរ ស្រុកតាលោ និងស្រុកបាកាន រួមមាន៖
១-ផ្លូវអូរសណ្តាន់ កំពង់ពោធិ៍ប្រវែង ៨.២គម
២-ផ្លូវត្រពាំងជង បឹងបត់កណ្តោល ប្រវែង១៦.១គម
៣-ផ្លូវបឹងខ្នារ មេទឹក ប្រវែង៩.៧គម
៤-ផ្លូវបឹងខ្នារ តាលោ ប្រវែង១៨.២គម
៥-ផ្លូវអូរតាប៉ោង រំលេច ប្រវែង ៨.៦៨គម
គួរអោយដឹងដែរថា បន្ទាប់ពីផ្លូវត្រូវបានស្ថាបនារួចរាល់ ការងារថែទាំផ្លូវកៅស៊ូរDBSTទាំង៥ខ្សែនេះជាប្រចាំពិតជាមានសារៈសំខាន់បំផុតដើម្បីធានាអោយផ្លូវប្រើប្រាស់បានយូរអង្វែង បម្រើដល់ការធ្វើដំណើរនិងដឹកកសិផល របស់ប្រជាពលរដ្ឋ ជាប្រយោជន៍រួម ហើយការងារថែទាំ ផ្លូវជាប្រចាំនេះមានដូចជា ការជួសជុលសំបុកមាន់ ចង្អូរនៅលើផ្លូវដែលស្រុត កាប់ឆ្ការព្រៃសងខាងផ្លូវ និងសម្អាតប្រព័ន្ធរំដោះទឹកនៅតាមដងផ្លូវជាដើម ដោយផ្តោតលើគុណភាព សុវត្ថិភាព និងសោភ័ណ្ឌភាព។
បន្ទាប់ពីធ្វើការចុះត្រួតពិនិត្យ លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយកការងារខាងលើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេស ក្នុងនោះដែរគណៈកម្មាធិការអន្តរក្រសួង សូមអោយបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនោះ ដើម្បីការប្រើប្រាស់បានយូរអង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយនិងការដឹកជញ្ជូនលើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយថវិកាជាច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ៕ អត្ថបទ ៖ ភិរុណ ពៅ












