ភ្នំពេញ ៖ ព្រឹកថ្ងៃទី៩ធ្នូនេះ គណបក្សប្រជាជនកម្ពុជា បានបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល២ថ្ងៃក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណៈបក្សនិងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាដែលមានសមាសភាពចូលរួមសរុប ៣.៦០០រូប ។
មហាសន្និបាតដែលប្រារព្ធនៅវិមាន ៧មករា រាជធានីភ្នំពេញ សម្ដេចពញាចក្រី ហេង សំរិន បានអញ្ជើញថ្លែងបើកមហាសន្និបាត ដោយគូសបញ្ជាក់ថា៖ ការប្រារព្ធធ្វើមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សនាពេលនេះ នៅក្នុងដំណាក់កាលដ៏ពិសេសដែលរដ្ឋសភា នីតិកាលទី៧ ទើបបានបង្កើតឡើងនូវរាជរដ្ឋាភិបាលថ្មីដឹកនាំដោយឥស្សរជនបន្តវេនវ័យក្មេង បន្ទាប់ពីគណបក្ស បានគិតគូរត្រៀមទុកជាមុនជាយូរមកហើយ។ ការត្រៀមលក្ខណៈសម្រាប់ការបន្តវេន គឺជារឿងចាំបាច់ ហើយពេលវេលាដែលត្រូវប្តូរជំនួសគ្នា ក៏ត្រូវបានពិនិត្យពិច័យយ៉ាងល្អិតល្អន់ ដើម្បីរក្សាបាននូវសន្តិភាព ស្ថេរភាព សន្តិសុខ និងការអភិវឌ្ឍបន្តទៀត។
សម្ដេចបន្តថា ការវិវត្តនៃសភាពការណ៍កម្ពុជា តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រលើសលប់ ៨២,៣% បានបញ្ជាក់ច្បាស់ថា ប្រជាជនបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងគាំទ្រសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ប្រកបដោយក្តីជឿជាក់បំផុត ព្រោះអង្គទាំងបីនេះ គឺជាប្រធានបទគោលចម្បងដែលយើងបានធ្វើការឃោសនានៅពេលបោះឆ្នោត។ ដូច្នេះ គឺពិតជាផ្ដើមពីលទ្ធផលនៃការបោះឆ្នោតនេះហើយ ដែលអនុញ្ញាតឱ្យគណបក្ស កំណត់ពេលវេលាជាក់លាក់ សម្រាប់ការបន្តវេនរបស់ជំនាន់ថ្មី គឺត្រូវចាប់ផ្តើមពីដើមនីតិកាលទី៧ នៃរដ្ឋសភានេះតែម្តង ។
សម្ដេចចក្រី បានបន្ថែមថា៖បន្ទាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលរដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧បានចាប់បដិសន្ធិឡើងរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ខែហើយ ហើយពិតណាស់ថា ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មី ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សភាពការណ៍ទូទៅរបស់កម្ពុជានៅបន្តរក្សាបានប្រក្រតីភាពលើគ្រប់ផ្នែកនយោបាយ ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមារញឹកខ្លាំងឡើង។ ទន្ទឹមនេះ អ្វីដែលបានចេញដំណើរភ្លាមដែរនោះ គឺកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ក៏ត្រូវបានក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលថ្មី ហើយយុទ្ធសាស្ត្របញ្ចកោណ សង្គម សេដ្ឋកិច្ច ដំណាក់កាលទី១ ដែលជារបៀបវារៈគោលនយោបាយសង្គមមាសដ្ឋកិច្ចនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក៏ត្រូវបានចាប់អនុវត្តប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ជាការសន្និដ្ឋាន ការចេញដំណើររបស់ជំនាន់ថ្មី មានភាពស្វាហាប់ប្រកបដោយថាមពលរឹងមាំដែលផ្តល់ទំនុកចិត្តនិងក្តីសង្ឃឹមសម្រាប់ប្រជាជន និងប្រទេសជាតិយើង។
សម្ដេចបានបន្តថា ក្នុងឱកាសដ៏វិសេសវិសាលនេះ អង្គមហាសន្និបាកទាំងមូលសូមសម្តែងនូវគារវភក្តី និងកតញ្ញូ កតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រិយ៍ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះអង្គ ប្រទេសកម្ពុជាមានសេចក្តីសុខសន្តិភាព និងរីកចម្រើនឥតឈប់ឈរ។ យើងទាំងអស់គ្នា សូម បួងសួងថ្វាយព្រះពរព្រះអង្គទាំងទ្វេរ មានព្រះរាជសុខភាពល្អបរិបូណ៍ និងព្រះរាជទីឃាយុយឺនយូរ ដើម្បី គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរតរៀងទៅ។
អង្គមហាសន្និបាតសូមកោតសរសើរ និងគោរពដឹងគុណមិនអាចបំភ្លេចបានចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែល បានលះបង់និងជួយបង្កលក្ខណៈគ្រប់យ៉ាងឱ្យអ្នកជំនាន់ក្រោយបានបន្តវេនដោយរលូន តាមរដ្ឋធម្មនុញ្ញ និងតាមនីតិវិធីច្បាប់។ អង្គមហាសន្និបាតក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជនរួមជាតិ ទាំងអស់នៅគ្រប់ទិសទី ដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាពចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល ហើយសង្ឃឹមថា ការជួយនេះនឹងមានជាបន្តទៀត ដើម្បី ផលប្រយោជន៍ប្រទេសជាតិយើង ។
ជាមួយនេះ អង្គមហាសន្និបាកក៏មិនភ្លេចថ្លែងនូវអំណរសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្រុមការងារចុះជួយមូលដ្ឋានគ្រប់លំដាប់ អង្គការមហាជន មន្ត្រី និង សមាជិក សមាជិកាគណបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យសម្រេចរាល់ភារកិច្ចដែលគណបក្ស និងប្រជាជនប្រគល់ជូន។ លើសពីនេះ ក៏សូមថ្លែងអំណរគុណដ៏ស្មោះអស់ពីចិត្តផងដែរចំពោះមិត្តភក្តិបរទេសជិកឆ្ងាយ ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានរួម ចំណែកយ៉ាងធំធេងដល់បុព្វហេតុជាតិ និងប្រជាជនកម្ពុជា ៕ ដោយ ៖ មុត សុទ្ធ
















