អ៊ុយក្រែន ៖ ស្នងការសិទ្ធិមនុស្សប្រទេសអ៊ុយក្រែន លោក Dmytro Lubinets បាននិយាយកាលពីថ្ងៃសុក្រថា ដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងស្នងការកុមាររបស់ប្រទេសនេះ លោកស្រី Maria Lvova-Belova ពីបទនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់ ទៅកាន់ប្រទេសរុស្ស៊ី នឹងជួយសម្រួលដល់ដំណើរការវិលត្រឡប់មកផ្ទះវិញរបស់កុមារ។
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាបង្គាប់កាលពីខែមីនា ឱ្យចាប់ខ្លួនលោក Putin និងលោកស្រី Maria Lvova-Belova ពីបទឧក្រិដ្ឋកម្មសង្គ្រាម ពាក់ព័ន្ធនឹងការចាប់ពង្រត់កុមារអ៊ុយក្រែន។ ទីក្រុងគីវនិយាយថា ខ្លួនបានបញ្ជាក់ជាផ្លូវការនៃការនិរទេសកុមារចំនួន ១៩.៥៤៦ នាក់ ប៉ុន្តែតួលេខអាចមានច្រើនជាងនេះ។
កាលពីថ្ងៃពុធ ទី៦ ខែធ្នូ កុមារចំនួន ៨ នាក់ត្រូវបាននាំយកត្រឡប់ទៅអ៊ុយក្រែនវិញ ពីប្រទេសរុស្ស៊ី និងដែនដីដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ក្រោមកិច្ចព្រមព្រៀង ដែលសម្របសម្រួលដោយប្រទេសកាតា។ នេះជាដំណាក់កាលទីពីរនៃការវិលត្រឡប់ដែលសម្របសម្រួលដោយប្រទេសកាតា បន្ទាប់ពីអនីតិជន ៤នាក់ត្រូវបានបញ្ជូនមកវិញកាលពីខែតុលា។
លោក Lubinets បានសម្តែងក្តីសង្ឃឹមថា ដីកាចាប់ខ្លួនថ្មីនឹងកើតឡើង ដោយបញ្ជាក់ថា អ្នកតំណាងរបស់រុស្ស៊ីជាច្រើននាក់ទៀត បានជាប់ពាក់ព័ន្ធនឹងការនិរទេសកុមារ។ ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកដំបូងរបស់សម្ព័ន្ធអន្តរជាតិសម្រាប់ការវិលត្រឡប់មកវិញនៃកុមារអ៊ុយក្រែនដែលត្រូវបាននិរទេស ធ្វើឡើងនៅទីក្រុងគីវ កាលពីថ្ងៃសុក្រ ទី៨ ខែ ធ្នូ ដោយមានការចូលរួមពីតំណាងប្រទេសនិងអង្គការអន្តរជាតិចំនួន៧២។

