យេម៉ែន ៖ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅរដ្ឋធានី សាណា(Sanaa) របស់ប្រទេសយេម៉ែន កាលពីថ្ងៃសុក្រ ទី៨ ខែធ្នូ ក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។
ក្រុមអ្នកតវ៉ា បានកាន់ទង់ជាតិប៉ាឡេស្ទីនដ៏ធំ និងកាន់អាវុធរបស់ពួកគេ ខណៈបានស្រែកពាក្យផ្សេងៗ បង្ហាញពីការគាំទ្រចំពោះពលរដ្ឋប៉ាឡេស្ទីន។ បាតុករ លោក Saleh al-Qaham បាននិយាយថា ពួកគេបានត្រៀមខ្លួនជាស្រេចដើម្បីដើរធ្វើបាតុកម្មទៅកាន់ទីក្រុងហ្សេរុយសាឡឹម។ យើងត្រៀមរួចរាល់ សម្រាប់ជម្រើសទាំងអស់។ យើងបានត្រៀមខ្លួនទៅកាន់ព្រះវិហារ Al-Aqsa ដោយប្រើលុយ អាវុធ និងឈាមរបស់យើង។ អ្នកតំណាងក្រុមហួធី(Houthi) លោក Zaid al-Gharsi បានថ្កោលទោសសង្គ្រាមនៅហ្កាហ្សា ដែលលោកជឿថា កើតឡើងក្នុងពេលភាពមានភាពស្ងៀមស្ងាត់ពីអន្តរជាតិ ការសមគំនិតរបស់អង្គការសហប្រជាជាតិ និងការឃុបឃិតដោយរបបប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក។
ទន្ទឹមនឹងនេះ ហ្វូងមនុស្សជាច្រើននៅប្រទេសហ្ស៊កដានី ក៏បានចេញធ្វើបាតុកម្មក្នុងសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ដោយប្រមូលផ្តុំគ្នានៅជិតស្ថានទូតអាមេរិកនៅទីក្រុងអាម៉ាន(Amman) ហើយកំពុងស្នើឱ្យរដ្ឋាភិបាលអាមេរិក និងប្រជាជន គាំទ្របទឈប់បាញ់។
វាបានកើតឡើង នៅថ្ងៃតែមួយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បោះឆ្នោតលើការទាមទារបទឈប់បាញ់ក្នុងបុព្វហេតុមនុស្សធម៌ក្នុងសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលត្រូវបានពន្យារពេលជាច្រើនម៉ោងកាលពីថ្ងៃសុក្រ រហូតដល់ក្រោយជំនួបតាមការគ្រោងទុក រវាងរដ្ឋមន្ត្រីអារ៉ាប់ និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងបទឈប់បាញ់ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ព្រោះពួកគេជឿថា វានឹងផ្តល់ប្រយោជន៍ដល់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមហាម៉ាស។

