ប៉ាឡេស្ទីន ៖ ក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើការវាយបក ក្នុងការប៉ុនប៉ងជួយសង្គ្រោះចំណាប់ថ្នូរដែលត្រូវបានចាប់ដោយកងកម្លាំងពិសេសរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដោយបានធ្វើឲ្យុកងកម្លាំងយោធាជាច្រើននាក់រងរបួស ហើយថា ចំណាប់ថ្នូរម្នាក់ បានស្លាប់ នៅក្នុងឧប្បត្តិហេតុនេះ ផងដែរ។
អ៊ីស្រាអែល បានបដិសេធការអត្ថាធិប្បាយ ដោយចោទប្រកាន់ក្រុមអ៊ីស្លាមប៉ាឡេស្ទីនពីបទប៉ុនប៉ងធ្វើសង្រ្គាមចិត្តសាស្ត្រប្រឆាំងនឹងខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កងពលតូច Al-Qassam របស់ក្រុមហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានរកឃើញអង្គភាពកងកម្លាំងពិសេសមួយ ដែលកំពុងព្យាយាមជួយសង្គ្រោះ ហើយបានវាយប្រហារទៅលើអង្គភាពនោះ ដោយបានសម្លាប់ និងធ្វើឲ្យទាហានជាច្រើនរងរបួស ហើយរួមទាំងបានបញ្ជាក់ពីទីតាំងនៃឧប្បត្តិហេតុផងដែរ។
កងពលនេះ បានឲ្យដឹងទៀតថា ទាហានអ៊ីស្រាអែលដែលជាប់ឃុំឃាំងម្នាក់ ត្រូវបានសម្លាប់ ដោយដាក់ឈ្មោះគាត់ថា Sa'ar Baruch មានវ័យ ២៥ឆ្នាំ។ បញ្ជីចំណាប់ថ្នូរដែលត្រូវបានបោះពុម្ពផ្សាយដោយអ៊ីស្រាអែលកំណត់អត្តសញ្ញាណម្នាក់ ក្នុងចំណោមពួកគេ គឺ Sahar Baruch ជានិស្សិតស៊ីវិល ដែលមានវ័យ ២៤ ឆ្នាំ នៅពេលដែលគាត់ ត្រូវបានចាប់ខ្លួនពីផ្ទះរបស់គាត់ ក្នុងអំឡុងខែតុលា។ ការសម្លាប់ និងចាប់ពង្រត់ក្រុមហាម៉ាសឆ្លងព្រំដែន កាលពីថ្ងៃទី ៧ ខែតុលា ដែលបានបង្កឲ្យមានសង្រ្គាម។

