ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលេីកឡេីងថា ក្រសួងបើកទូលាយសម្រាប់ការវិនិយោគ និងស្វាគមន៍គម្រោងអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។ បន្ថែមពីនេះ
ក្រសួងត្រៀមខ្លួនក្នុងការសម្របសម្រួល និងគាំទ្រ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការទទួលបានជោគជ័យ ផ្តល់ប្រយោជន៍ដល់កសិករ មានផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងនៅក្នុងបណ្តាញសង្គមថា ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានលេីកឡេីងនូវគោលនយោបាយរបស់ក្រសួង ដែលកំពុងជំរុញសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពដាំដុះផលិតផលកសិកម្មក្នុងទ្រង់ទ្រាយធំដូចជាស្រូវ ស្វាយចន្ទី និងម្រេច ដែលមានគុណភាពខ្ពស់ សម្រាប់កែច្នៃដើម្បីនាំចេញ និងទទួលបានតម្លៃបន្ថែមខ្ពស់។
ឯកឧត្តមបានជម្រាបជូនភ្ញៀវទៀតថា ក្រសួងក៏កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងការជ្រើសរើស និងដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្ម ដែលមានសមត្ថភាពឆន្ទៈ នៅតាមមូលដ្ឋានភូមិឃុំ ដើម្បីជួយកសិករលើបច្ចេកទេស ការកាត់បន្ថយថ្លៃដើម ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ក្នុងការចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ដោយចំពោះការគាំទ្ររបស់អូស្ត្រាលីក្នុងកិច្ចការស្រាវជ្រាវពូជស្រូវនៅកម្ពុជា រហូតសម្រេចបានពូជស្រូវចំប៉ីស ៧០ និងពូជស្រូវផ្សេងៗទៀតចំនួនជិត៥០ប្រភេទ៕ ដោយ ÷ បូរ៉ាវី





