
មនុស្សយ៉ាងហោច ៦នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ក្រោយព្យុះផ្គរន្ទះ និងព្យុះកួច បោកបក់លើរដ្ឋ Tennessee សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។ យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន WKRN បានឲ្យដឹងថា មនុស្ស ៣នាក់ បានស្លាប់នៅក្នុងទីក្រុង Nashville និងមនុស្ស ៣នាក់ទៀត បានស្លាប់នៅក្នុងទីក្រុង Clarksville ។
អភិបាលក្រុង Clarksville លោក Joe Pitts បានបញ្ជាក់អះអាងថាមានព្យុះកួច ហើយក្រុមនគរបាលក្រុង Clarksville បានរាយការណ៍ពីផលខូចខាតទ្រង់ទ្រាយធំនៅតាមទីកន្លែងជាច្រើន ពេលដែលភ្លៀង និងព្យុះផ្គរន្ទះ បន្តបោកបក់កាលពីពេលល្ងាចថ្ងៃសៅរ៍ ។
ទីភ្នាក់ងារព័ត៌មាន WKRN រាយការណ៍ថា អតិថិជនជាង ៥៩.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋភាគកណ្តាលរដ្ឋ Tennessee ។ ការខូចខាតដោយសារព្យុះ ត្រូវបានគេរាយការណ៍ថាកើតមានផងដែរនៅក្នុងស្រុក Montgomery, Davidson និងស្រុក Sumner ៕