
មន្រ្តីការទូតអាកាសធាតុជាន់ខ្ពស់របស់ចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា កិច្ចព្រមព្រៀងចុងក្រោយលើឥន្ធនៈហ្វូស៊ីលនៅកិច្ចប្រជុំកំពូល COP28 របស់អង្គការសហប្រជាជាតិ(UN) សំខាន់ចាំបាច់ ប៉ុន្តែវានៅមិនទាន់ល្អឥតខ្ចោះនៅឡើយនោះទេ ។
កិច្ចព្រមព្រៀងរវាងប្រទេសចំនួនជិត ២០០របស់ពិភពលោកដើម្បីកាត់បន្ថយឥន្ធនៈហ្វូស៊ីល ដែលជាដើមចមសំខាន់នាំឲ្យកើតមានបម្រែបម្រួលអាកាសធាតុ បានក្លាយជាបញ្ហាត្រូវសម្រេចឲ្យបាននៅលើតុចរចាក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Dubai ប្រទេសអារ៉ាប់រួម ។
លោក Xie Zhenhua គឺជាប្រេសិតពិសេសអាកាសធាតុរបស់ចិន និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានថា បើគ្មានកិច្ចព្រមព្រៀងឥន្ធនៈហ្វូស៊ីល នឹងពុំមានឱកាសសម្រេចជោគជ័យនៅកិច្ចប្រជុំ COP28 នោះទេ ។
លោកបន្តថា ការផ្លាស់ប្តូរថាមពល ពិតជាសំខាន់ខ្លាំងណាស់ ប៉ុន្តែការផ្លាស់ប្តូរនេះត្រូវការពេលវេលា ហើយប្រទេសនិមួយៗមាននូវលក្ខខណ្ឌផ្សេងៗគ្នា ។
សូមបញ្ជាក់ថា ចិននៅតែពឹងផ្អែកឥន្ធនៈហ្វូស៊ីល ក្នុងនោះធ្យូងថ្មជាប្រភពថាមពលធំបំផុតរបស់ពួកគេ ៕