
ហ្វីលីពីន បានថ្កោលទោសសកម្មភាពខុសច្បាប់ដ៏គគ្លើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង ដោយពួកគេអះអាងថា ក្រុមឆ្មាំល្បាតឆ្នេរចិន បានបាញ់កាណុងទឹកលើនាវានេសាទរបស់ខ្លួន ។
រូបភាពវីដេអូឃ្លីបដែលចែករំលែកដោយឆ្មាំល្បាតឆ្នេរហ្វីលីពីនឃើញនាវាឆ្មាំល្បាតឆ្នេរចិន បាញ់កាណុងទឹកលើនាវានេសាទហ្វីលីពីន ដែលទីក្រុងម៉ានីលនិយាយថា នាវារបស់ពួកគេចុះបេសកកម្មផ្គត់ផ្គង់ប្រេង និងគ្រឿងទេសដល់នាវាហ្វីលីពីនជាង ៣០គ្រឿងនៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal គឺជាតំបន់មួយស្ថិតក្នុងសមុទ្រចិនខាងត្បូងដែលត្រូវបានប្រកាសសិទ្ធិដោយប្រទេសទាំង ២ ។
សារព័ត៌មានរដ្ឋចិនរាយការណ៍ថា ចិនបានចាត់វិធានការគ្រប់គ្រងកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងនាវានេសាទហ្វីលីពីន ៣គ្រឿងនៅក្នុងសមុទ្រចិនខាងត្បូង ដែលឈ្លានពានចូលក្នុងដែនទឹកជិតតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ។ សូមបញ្ជាក់ថា ចិនបានប្រកាសសិទ្ធិតំបន់ភាគច្រើនស្ទើតែទាំងស្រុងនៃសមុទ្រចិនខាងត្បូងដែលជាច្រកដឹកជញ្ជូនតាមសមុទ្រមួយមានតម្លៃប្រចាំឆ្នាំជាង ៣សែនកោដិ៍ដុល្លារ ៕