
មន្ទីរពេទ្យនានានៅភាគខាងត្បូងតំបន់ហ្កាហ្សា ស្ទ្រីប កំពុងជួបការលំបាកក្នុងការដោះស្រាយជាមួយនឹងលំហូរនៃអ្នកជំងឺ ជាពិសេសមនុស្សដែលរងរបួសនៅក្នុងការទម្លាក់គ្រាប់បែកដ៏ធ្ងន់របស់អ៊ីស្រាអែល ក្នុងរយៈពេលពីរខែកន្លងមកនេះ ខណៈដែលការវាយលុករបស់យោធាអ៊ីស្រាអែល បានបន្តបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតយ៉ាងច្រើន។
បន្ទាប់ពីរយៈពេលជាងពីរខែទៅក្នុងជុំចុងក្រោយនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ស្ថានភាពសុខភាពនៅតំបន់ហ្កាហ្សា ភាគខាងត្បូងបានឈានដល់ចំណុចទប់ទល់លែងបាន។ មន្ទីរពេទ្យដែលមានអ្នកជំងឺលើសបន្ទុក ត្រូវបានបង្ខំឱ្យធ្វើបន្ទប់សម្រាកពីសំណប៉ាហាំង និងនីឡុង ហើយផ្ទេរអ្នករបួសមួយចំនួនទៅកាន់បន្ទប់ពេទ្យបណ្តោះអាសន្នទាំងនោះ ខណៈដែលមន្ទីរពេទ្យនានាបានឈានដល់សមត្ថភាពព្យាបាលអតិបរមារបស់ពួកគេ។
មន្ទីរពេទ្យណាសសឺ (Nasser) ជាមន្ទីរពេទ្យធំជាងគេមួយនៅភាគខាងត្បូងហ្កាហ្សា ដែលត្រូវបានបង្កើតឡើងដើម្បីទទួលអ្នកជំងឺអតិបរមាចំនួន ១.០០០នាក់ ប៉ុន្តែបច្ចុប្បន្ននេះកំពុងព្យាបាលអ្នកជំងឺជាង ៣.៥០០នាក់។ ក្រៅពីអ្នករបួសក្នុងស្រុក មន្ទីរពេទ្យក៏បានទទួលអ្នកជំងឺដែលផ្ទេរពីស្ថាប័នវេជ្ជសាស្រ្ដនៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដូចជាមន្ទីរពេទ្យអាល់ស៊ីហ្វា (Al-Shifa) និងមន្ទីរពេទ្យឥណ្ឌូនេស៊ី។
លើសពីនេះ មន្ទីរពេទ្យណាសសឺ និងកន្លែងព្យាបាលផ្សេងទៀត ក៏កំពុងប្រឈមមុខនឹងការគំរាមកំហែងនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ផងដែរ។ ទិន្នន័យរបស់អង្គការសុខភាពពិភពលោកបង្ហាញថា អ៊ីស្រាអែលបានធ្វើការវាយប្រហាររាប់រយលើកលើបរិក្ខារពេទ្យនៅក្នុងតំបន់នេះ ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា មក៕