
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយកាលពីថ្ងៃសៅរ៍ (០៩ ធ្នូ) ថា ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាចិត្តក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដើម្បីប្រមូលព័ត៌មានអំពីសកម្មភាពយោធារបស់សត្រូវខ្លួន។
ផ្កាយរណបទាំងនោះនឹងត្រូវបានគេយកគំរូតាមផ្កាយរណប ម៉ាលីគយ៉ុង-១ (Malligyong-1) ដែលទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះកាលពីខែវិច្ឆិកា ដែលរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា បានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកអត្ថាធិប្បាយអនាមិកម្នាក់ បាននិយាយខណៈពេលការពារការអភិវឌ្ឍន៍អវកាសថាជាសិទ្ធិស្វ័យការពាររបស់ប្រទេស ថា «ប្រសិនបើចាំបាច់ ផ្កាយរណបទាំងនោះនឹងប្រតិបត្តិយ៉ាងល្អឥតខ្ចោះនូវការងារណែនាំ និងដឹកនាំយើងឆ្ពោះទៅរកការវាយប្រហារដ៏ខ្លាំងមួយ»។
ទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបើកកិច្ចប្រជុំត្រីភាគីនៅទីក្រុងសេអ៊ូល កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង និងបញ្ហាសកលផ្សេងទៀត។
ប្រទេសកូរ៉េខាងជើង ទទួលបានការរិះគន់ជុំវិញទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ពីសំណាក់កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក ដែលនិយាយថាទីក្រុងព្យុងយ៉ាង កំពុងផ្តល់ជំនួយផ្នែកសព្វាវុធដល់ទីក្រុងមូស្គូ ជាថ្នូរនឹងការជួយលើកកំពស់សមត្ថភាពយោធារបស់ខ្លួន៕