
ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ (០៩ ធ្នូ) បានថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការរបស់រុស្ស៊ី ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីនៅនិទាឃរដូវឆ្នាំក្រោយនៅលើទឹកដីរបស់អ៊ុយក្រែនដែលត្រូវរុស្ស៊ីកាន់កាប់ ដោយប្រកាសថាការបោះឆ្នោតទាំងនោះគឺចាត់ «ទុកជាមោឃៈ» ហើយបានសន្យាថានឹងកាត់ទោសអ្នកសង្កេតការណ៍ដែលបានបញ្ជូនមកត្រួតពិនិត្យការបោះឆ្នោតនោះ។
សភាជាន់ខ្ពស់របស់រុស្ស៊ី បានកំណត់ការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសក្នុងសប្តាហ៍នេះ សម្រាប់ខែមីនាឆ្នាំក្រោយ ហើយលោកស្រី វ៉ាឡែនធីណា ម៉ាតវីយ៉េនកូ (Valentina Matviyenko) ប្រធានសភាជាន់ខ្ពស់រុស្ស៊ីបាននិយាយថា អ្នកស្រុកនៅក្នុងតំបន់ចំនួនបួនរបស់អ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី នឹងអាចធ្វើការបោះឆ្នោតជាលើកដំបូង។
រុស្សីបានអះអាងថាបានបញ្ចូលតំបន់ ដូណិតស្ក៍ (Donetsk) តំបន់ លូហានស្ក៍ (Luhansk) តំបន់ ហ្សាប៉ូរីហ្សា (Zaporizhzhya) និងតំបន់ឃើសុន (Kherson) នៅភាគខាងកើត និងខាងត្បូងនៃប្រទេសអ៊ុយក្រែនជាទឹកដីខ្លួន ក្នុងអំឡុងការធ្វើប្រជាមតិកាលពីឆ្នាំមុន ដែលទីក្រុងគីវ និងលោកខាងលិចបានច្រានចោលថាជាការបោកប្រាស់ ប៉ុន្តែមិនបានគ្រប់គ្រងពេញលេញលើតំបន់ណាមួយឡើយ។
ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះចេតនារបស់រុស្ស៊ី ក្នុងការរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងទឹកដីអ៊ុយក្រែន ដែលត្រូវបានកាន់កាប់ និងដាក់ទណ្ឌកម្មលើអ្នកដែលពាក់ព័ន្ធនឹងអង្គការ និងការប្រព្រឹត្តរបស់ពួកគេ»។
ក្រសួងការបរទេសនេះក៏បានព្រមានបណ្ដាប្រទេសប្រឆាំងនឹងការបញ្ជូនអ្នកសង្កេតការណ៍ទៅ «ការបោះឆ្នោតក្លែងក្លាយ» ដោយនិយាយថា ជនល្មើសនឹង «ប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ»។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ដោយជាវិធានការមួយ ដែលរំពឹងថានឹងធ្វើឱ្យលោកបន្តកាន់អំណាចរហូតដល់យ៉ាងហោចណាស់ឆ្នាំ២០៣០៕