
មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង តែលអាវីវ (Tel Aviv) របស់អ៊ីស្រាអែលកាលពីយប់ថ្ងៃសៅរ៍ (០៩ ធ្នូ) ដោយអំពាវនាវឱ្យមានការដោះលែងចំណាប់ថ្នូរដែលឃុំខ្លួននៅតំបន់ហ្កាហ្សា រយៈពេលពីរខែបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនពីអ៊ីស្រាអែលដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស។
ឪពុកម្តាយរបស់ចំណាប់ថ្នូរអាយុ ១៩ឆ្នាំម្នាក់ឈ្មោះ អ៊ីតាយ ចិន (Itay Chen) បាននិយាយទៅកាន់ហ្វូងមនុស្សដោយអំពាវនាវឱ្យកាកបាទក្រហមអាចទៅសួរសុខទុក្ខកូនប្រុសរបស់ពួកគេនិងឱ្យរដ្ឋាភិបាលអ៊ីស្រាអែល «បង្ហាញភាពជាអ្នកដឹកនាំ» របស់ខ្លួន។
ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានដោះលែងដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលគ្រប់គ្រងតំបន់ហ្កាហ្សា ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល ក្រោមបទឈប់បាញ់រយៈពេលប្រាំពីរថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃសុក្រ (០១ ធ្នូ)។ អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរជាង ១៣០នាក់ទៀតនៅតែស្ថិតនៅក្នុងតំបន់ហ្កាហ្សា។
អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនដើម្បីកម្ទេចក្រុមហាម៉ាស ដែលគ្រប់គ្រងនៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះបានសម្រុកចូលទីក្រុងនានារបស់អ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់ នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។
ភាគច្រើននៃអ្នកស្រុកចំនួន ២,៣លាននាក់នៅហ្កាហ្សា ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ ដោយមនុស្សជាច្រើនបានភៀសខ្លួនជាច្រើនដង ហើយយ៉ាងមនុស្សហោចណាស់ ១៧.៧០០នាក់ ត្រូវបានសម្លាប់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់តំបន់ហ្កាហ្សា៕