តាកែវ ÷នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្ដូងទឹកស្អាតចំនួន៥ ជូនដល់ប្រជាពលរដ្ឋនៅ ឃុំបឹងត្រាញខាងជើង ស្រុកសំរោង ខេត្តតាកែវ ប្រើប្រាស់ជាផ្លូវការ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលបានអាស្រ័យផលអណ្តូងទឹកនាឱកាសនោះ លោកជំទាវប្រធានមូលនិធិ បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ថា សម្តេចទាំង៣លោកតែងតែគិតគូពីទុក្ខលំបាករបស់ប្រជាពលដ្ឋទូទៅនៅគ្រប់ទីកន្លែង។ ពិសេសការផ្តល់អណ្តូងទឹកស្អាតនាពេលនេះ គឺជាការរួមចំណែកលើកកម្ពស់ សុខមាលភាព និងជីវភាពរស់របស់ប្រជាពលរដ្ឋ នៅតាមទីជនបទអោយមានជីវភាពល្អប្រសើរ និងមានសុខភាពល្អ។
លោកជំទាវប្រធានបានឱ្យដឹងទៀតថា អណ្តូងទឹកទាំងនេះគឺជា អំណោយរបស់អ្នកឧកញ៉ាព្រឹទ្ឋមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ឪពុកម្តាយបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥អណ្តូង ផ្ដល់ជូនលោកយាយលោកតានៅទីនេះ ប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះតទៅ។
ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅតាមអណ្តូងទឹកនីមួយៗ លោកជំទាវបានអោយដឹងថានេះជាបេសកម្មលើកចុងក្រោយ របស់លោកជំទាវហើយ ក្នុងបេសកម្មអណ្តូងទឹកស្អាត ដែលជាង១០ឆ្នាំកន្លងមកនេះក្រុមការងារបានប្រគល់អណ្តូងជូនប្រជាពលរដ្ឋបានជាង១ពាន់អណ្តូង ហើយនៅជាច្រើនអណ្តូងទៀតត្រូវធ្វើការប្រគល់បន្តបន្ទាប់ទៀត។
ខណះនោះដែលោកជំទាវបានណែនាំប្រធានមូលនីធិអណ្តូងទឹកថ្មី ដើម្បីប្រជាពលរដ្ឋបានស្គាល់ គឺលោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត កូនប្រសារទី៣ របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធ ដែលជាអ្នកដឹកនាំការងារអណ្តូងទឹកបន្តពីលោកជំទាវ ព្រោះលោកជំទាវ មានកិច្ចការជាច្រើនដែលត្រូវធ្វើ។
ជាចុងក្រោយលោកជំទាវ សូមអោយលោកយាយ លោកតា បងប្អូន ដែលអាស្រ័យផលនៃអណ្តូងទឹកទាំងអស់ រួមគ្នាថែរក្សាអណ្តូងទឹកទាំងនេះ អោយបានជាប់យូអង្វែងដើម្បីជាប្រយោជន៍រួមនៅក្នុងសហគម។
ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកស្អាតទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះម្ចាស់អំណោយខាងលើ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលត្រូវការចាំបាច់នូវទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ។
សូមជម្រាបថា ក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹក លោកជំទាវប្រធានមូលនិធិ បាននាំយកនូវអំណោយទ្រនប់ដៃបន្តិចបន្តួចរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋដែលបានចូលរួមផងដែរ។ លើសពីនោះទៀតលោកជំទាវប្រធាន ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ មកពិនិត្យសុខភាព និងផ្តល់ថ្នាំព្យាបាលជំងឺស្រាលៗ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ខណៈនោះដែរមានប្រជាពលរដ្ឋចំនួន៤នាក់មានជម្ងឺប្រចាំការធ្ងន់ធ្ងរ លោកជំទាវប្រធាន និងក្រុមគ្រូពេទ្យ បានពិភាក្សាគ្នានិងទទួលយកពួកគាត់មកព្យាបាលនៅភ្នំពេញជូន ក្រោមការចំណាយទាំងស្រុងពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិតផ្ទាល់៕ អត្ថបទ: សំ ងីម






































