
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានអំពាវនាវយ៉ាងទទូចដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធ និងជម្លោះនៅតាមតំបន់នានា គប្បីព្យាយាមរកដំណោះស្រាយគ្នាដោយសន្តិវិធី ដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងអភិវឌ្ឍភាពជាសកលជាដើម។
ការអំពាវនាវរបស់គណបក្សប្រជាជនកម្ពុជានេះ គឺធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសរបស់ខ្លួនរយៈពេលពីរថ្ងៃ ពីថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
យោងតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃនេះ បានលើកឡើងថា នៅក្នុងមហាសន្និបាតគណបក្សប្រ ជាជនកម្ពុជា បានបញ្ជាក់ជំហររបស់ខ្លួន ក្នុងការជំរុញអនុវត្តយ៉ាងសកម្មនូវនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ លើមូលដ្ឋានគោរពគោលការណ៍នានានៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដើម្បីការពាររាល់ផលប្រយោជន៍គោលរបស់កម្ពុជា និងបង្កើនការចូលរួមសកម្មក្នុងកិច្ចការអន្តរជាតិ ដើម្បបុព្វហេតុសន្តិភាព សន្តិសុខ សហប្រតិបត្តិការ និងវិបុលភាពរបស់តំបន់ និងពិភពលោកជាដើម។
មហាសន្និបាតបានលើកឡើងទៀតថា ព្រមជាមួយនេះ «ក្នុងស្ថានភាពដែលសភាពការណ៍អន្តរជាតិកំពុងមានការវិវត្តដ៏ស្មុគស្មាញ ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់នោះ គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវដល់បណ្តារដ្ឋ និងភាគីដែលពាក់ព័ន្ធនឹងជម្លោះនៅតាមតំបន់នានា សូមព្យាយាមរកដំណោះស្រាយដោយសន្តិវិធី តាមរយៈការចចារ ដើម្បីធានានូវសុខសន្តិភាព ភាតរភាព និងអភិវឌ្ឍន៍ភាពជាសកល»។
តាមរយៈសេចក្តីសម្រេចរបស់មហាសន្និបាត ក៏បានលើកឡើងផងដែរថា កម្ពុជាដែលធ្លាប់ឆ្លងកាត់មហាវិនាសកម្មនៃសង្រ្គាមដ៏រ៉ាំរ៉ៃ យល់យ៉ាងច្បាស់អំពីតម្លៃនៃសន្តិភាព បើប្រជាជនបាត់បង់សន្តិភាពហើយ ប្រជាជននឹងត្រូវបាត់បង់អ្វីទាំងអស់ ហើយសន្តិភាពមិនអាចនឹងបង្កើតបានដោយសង្រ្គាមឡើយ៕ អត្ថបទ៖ បាន ចក់








