អ្នកនាំពាក្យរបស់អង្គការយូនីសេហ្វ (UNICEF) បានស្តីបន្ទោសពិភពលោកចំពោះការមិនបើកព្រំដែនសម្រាប់ជនភៀសខ្លួនហ្កាហ្សា នៅក្នុងវីដេអូមួយដែលបានថតខណៈពេលដែលកំពុងដើរនៅក្បែរពលរដ្ឋជម្លៀសខ្លួនហ្កាហ្សា ដោយប្រៀបធៀបស្ថានភាពនេះទៅនឹងជនភៀសខ្លួននៅអ៊ុយក្រែន។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាម (Instagram) លោក ជេមស៍ អែលឌឺ (James Elder) បាននិយាយថា «ខ្ញុំបានស្ថិតនៅអ៊ុយក្រែន នៅពេលដែលប្រជាជនត្រូវបានបង្ខំឱ្យភៀសខ្លួន ហើយពិភពលោកបានបើកបេះដូងទទួលពួកគេ ប៉ុន្តែខ្ញុំមិនយល់ថាហេតុអ្វីបានជាពិភពលោកបិទភ្នែកមិនអើពើចំពោះជនភៀសខ្លួនហ្កាហ្សា»។
អ៊ីស្រាអែលបានបញ្ជាអ្នកស្រុកឲ្យចាកចេញពីកណ្តាលក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ហើយបានវាយលុកយ៉ាងខ្លាំងក្លាលើតំបន់ហ៊ុមព័ទ្ធនេះ។ វីដេអូមួយដែលចែកចាយដោយអង្គការយូនីសេហ្វ បង្ហាញពីការបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈមនុស្សម្នានាំគ្នាយករបស់របរ និងផ្លាស់ទីទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ។
ចាប់តាំងពីបទឈប់បាញ់បានដួលរលំកាលពីសប្តាហ៍មុនមក អ៊ីស្រាអែលបានពង្រីកការវាយលុកថ្មើរជើងរបស់ខ្លួនទៅកាន់ពាក់កណ្តាលភាគខាងត្បូងនៃតំបន់ហ្កាហ្សា ស្រ្ទីប ដោយវាយសម្រុកចូលទៅក្នុងទីក្រុងខាន់ យ៉ូនីស។ ក្នុងពេលជាមួយគ្នានេះ ភាគីទាំងពីរបានរាយការណ៍ពីការកើនឡើងនៃការប្រយុទ្ធគ្នានៅភាគខាងជើង៕