
ក្រុមបាតុករមួយក្រុមតូចបានធ្វើបាតុកម្មដ៏កម្រមួយនៅទីក្រុងឌុយបៃ កាលពីថ្ងៃសៅរ៍ (០៩ ធ្នូ) នៅកន្លែងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 របស់អង្គការសហប្រជាជាតិ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងជាប់ឃុំក្នុងប្រទេសអារ៉ាប់រួម និងអេហ្ស៊ីប។
សកម្មជនប្រហែល ២៥នាក់ បានចូលរួមក្នុងការតវ៉ានេះដោយកាន់រូបភាពអ្នកទោសឈ្មោះ អេម៊ីរ៉ាទី អាមេដ ម៉ានសរ(Emirati Ahmed Mansoor) អ្នកទោសឈ្មោះ ម៉ូហាមេដ អាលស៊ីឌីក (Mohamed al-Siddiq) និងសកម្មជននយោបាយអេហ្ស៊ីប-អង់គ្លេស ឈ្មោះ អាឡា អាបឌែល ហ្វាតាស (Alaa Abdel Fattah)។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានពណ៌នាការតវ៉ានេះថាជាការតវ៉ាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងអារ៉ាប់រួប ដែលមានការអត់ឱនតិចតួចណាស់ចំពោះមតិសាធារណៈ និងហាមប្រាមក្រុមដែលមានអង្គការចាតតាំងដូចជាគណបក្សនយោបាយ និងសហជីពការងារជាដើម។
អ្នកទោស ស៊ីឌីក ត្រូវបានជាប់ពន្ធនាគារនៅអារ៉ាប់រួម ក្នុងឆ្នាំ២០១៣ រួមជាមួយនឹងមនុស្សចំនួន ៦៨នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលបន្ទាប់ពីការកាត់ក្តីដែលក្រុមសិទ្ធិមនុស្សនៃអង្គការលើកលែងទោសអន្តរជាតិ បានពណ៌នាថាអយុត្តិធម៌យ៉ាងខ្លាំង។
តុលាការអារ៉ាប់រួម បានកាត់ទោសលោក ម៉ានសរ ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំក្នុងឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរួមទាំងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីធ្វើឱ្យប៉ះពាល់ដល់ឯកភាពជាតិ សុខដុមនីយកម្មសង្គម និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ លោក អាបឌែល ហ្វាតាស ដែលត្រូវបានឃុំខ្លួនម្តងហើយម្តងទៀតនៅក្នុងប្រទេសអេហ្ស៊ីបចាប់តាំងពី «ការបះបោរអារ៉ាប់» ឆ្នាំ២០១១ មកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំក្នុងឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត៕