រថក្រោះអ៊ីស្រាអែល ជាច្រើនគ្រឿងបានប្រយុទ្ធសម្រុកទៅកាន់ភាគកណ្ដាលនៃទីក្រុងខាន់ យ៉ូនីស (Khan Younis) កាលពីថ្ងៃអាទិត្យ (១០ ធ្នូ) នៅក្នុងការជំរុញវាយលុកថ្មីមួយចូលទៅក្នុងទីក្រុងសំខាន់នៃភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលអាជ្ញាធរសុខាភិបាលនៅហ្កាហ្សា ដែលគ្រប់គ្រងដោយហាម៉ាសបាននិយាយថាប្រជាជនប៉ាឡេស្ទីនប្រហែល ១៨.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាម។
មេដឹកនាំអ៊ីស្រាអែលបាននិយាយថា យុទ្ធជនហាម៉ាស រាប់សិបនាក់បានចុះចាញ់ ដោយបានលើកទឹកចិត្តពួកគេឱ្យធ្វើដូច្នេះ ប៉ុន្តែក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបដិសេធដោយហៅការអះអាងនេះថា «មិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់»។

អ្នកស្រុកនៅទីក្រុងខាន់ យ៉ូនីស បាននិយាយថា រថក្រោះបានទៅដល់ផ្លូវសំខាន់ពីខាងជើងទៅខាងត្បូងឆ្លងកាត់ទីក្រុងបន្ទាប់ពីការប្រយុទ្ធគ្នាពេញមួយយប់ ដែលបានពន្យឺតការរុលទៅមុខរបស់អ៊ីស្រាអែលពីភាគខាងកើត ហើយយន្តហោះចម្បាំងជាច្រើនគ្រឿងកំពុងវាយលុកតំបន់ភាគខាងលិច។

ខ្យល់បក់បោកជាមួយនឹងសំឡេងផ្ទុះឥតឈប់ឈរ និងផ្សែងពណ៌សយ៉ាងក្រាស់បានហុយឡើងពាសពេញទីក្រុងដែលមានមនុស្សច្រើនកុះករ ពោរពេញទៅដោយមនុស្សភៀសខ្លួនពីកន្លែងផ្សេងៗក្នុងតំបន់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូយតឺរេស (Antonio Guterres) ដែលមិនបានជោគជ័យក្នុងការជំរុញឱ្យមានបទឈប់បាញ់នៅហ្កាហ្សា បាននិយាយថា តំបន់ឡោមព័ទ្ធមួយនេះកំពុងដួលរលំហើយ។
នៅផ្នែកម្ខាងទៀតនៃតំបន់ហ្កាហ្សាស្ទ្រីប នៅតំបន់ភាគខាងជើង ដែលអ៊ីស្រាអែលធ្លាប់បាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំពេញភារកិច្ចរបស់ពួកគេភាគច្រើនហើយ អ្នកស្រុកក៏បានពណ៌នាអំពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៃសង្រ្គាមរហូតមកដល់ពេលនេះផងដែរ៕
