អ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថា ជនជាតិប៉ាឡេស្ទីនប្រហែល ១៨.០០០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ៤៩.៥០០នាក់ បានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា មក។

អ្នកនាំពាក្យលោក អាស្រាហ្វ អាល់គីដ្រា (Ashraf Al-Qidra) ក៏បានប្រាប់ទូរទស្សន៍ Al Jazeera ក្នុងបទសម្ភាសតាមទូរស័ព្ទថា ចំនួនអ្នកស្លាប់នោះរួមមានមនុស្ស ២៩៧នាក់បានស្លាប់ និងជាង ៥៥០នាក់បានរងរបួសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ផ្សែងយ៉ាងខ្មួលខ្មាញ់បានហុយឡើងពីលើអគារដែលត្រូវបានបំផ្លាញនៅជិតព្រំដែនអ៊ីស្រាអែល និងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ដោយធ្វើឱ្យមេឃមានសភាពខ្មៅងងឹត។
អ៊ីស្រាអែល បានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា តាំងពីឆ្នាំ២០០៧ បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះបានវាយសម្រុកចូលរបងព្រំដែនកាលពីថ្ងៃទី៧ តុលា ហើយបានបន្តវាយលុកតាមទីប្រជុំជនអ៊ីស្រាអែល ដោយបាញ់សម្លាប់ពលរដ្ឋអ៊ីស្រាអែលប្រហែល ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៤០នាក់។

ចាប់តាំងពីពេលនោះមក អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា មនុស្សជាច្រើនត្រូវបញ្ជាក់ថាបានស្លាប់នៅតំបន់ហ្កាហ្សា និងរាប់ពាន់នាក់ទៀតកំពុងបាត់ខ្លួន ហើយសន្មតថាបានស្លាប់នៅក្រោមគំនរបាក់បែក។ ចំនួនអ្នកស្លាប់លែងរាប់បញ្ចូលតួលេខពីផ្នែកភាគខាងជើងនៃតំបន់ជុំវិញនោះ ដោយសារហួសពីលទ្ធភាពនៃរថយន្តគិលានសង្គ្រោះអាចទៅដល់ និងជាទីដែលមន្ទីរពេទ្យជាច្រើនបានឈប់ដំណើរការ៕