សហរដ្ឋអាមេរិក បានអំពាវនាវកាលពីថ្ងៃអាទិត្យ ១០ ធ្នូ ឱ្យទីក្រុងប៉េកាំងបញ្ឈប់សកម្មភាព ដ៏គ្រោះថ្នាក់ និងអស្ថិរភាព របស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីនាវារបស់ហ្វីលីពីន និងអង្គភាពឆ្មាំសមុទ្រចិន បានបុកគ្នានៅជិតតំបន់ថ្មប៉ប្រះទឹកមានជម្លោះ។

ប្រទេសទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកបន្ទាប់ពីឧបទ្ទវហេតុកាលពីព្រឹកថ្ងៃអាទិត្យដែលជាការប្រឈមដាក់គ្នាចុងក្រោយបំផុត នៅក្នុងសមុទ្រដែលមានជម្លោះនេះ។

ការប៉ះទង្គិចគ្នានេះបានកើតឡើង អំឡុងបេសកកម្មផ្គត់ផ្គង់របស់ហ្វីលីពីនទៅកាន់មូលដ្ឋានយោធតូចមួយនៅលើតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងប្រជុំកោះ ស្ប្រាតលី (Spratly) ដែលជាចំណុចរសើបបំផុត សម្រាប់ទីក្រុងម៉ានីល និងប៉េកាំង ហើយហេតុការណ៍នេះដែរបានកើតឡើងមួយថ្ងៃបន្ទាប់ពីឧបទ្ទវហេតុមួយផ្សេងទៀតនៅជិត តំបន់ថ្មប៉ប្រះទឹកមានជម្លោះScarborough Shoalដែលហ្វីលីពីនអះអាងសិទ្ធិគ្រប់គ្រង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីល័រ(Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅថ្ងៃទាំងពីរនេះ នាវារបស់ប្រទេសចិន បានពង្រាយកាណុងបាញ់ទឹក និងធ្វើសមយុទ្ធដោយខ្វះការប្រុងប្រយ័ត្ន រួមទាំងការប៉ះទង្គិចគ្នានៃនាវារបស់ប្រទេសទាំង២ បណ្តាលឱ្យខូចខាតដល់នាវាហ្វីលីពីន ដែលកំពុងបំពេញបេសកកម្មផ្គត់ផ្គង់ជាផ្លូវការទៅកាន់ទីតាំងទាំងនោះ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនាវិកហ្វីលីពីន៕