ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi បានថ្លែង កាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអ៊ែល ត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេម៉ែន ដើម្បីរំខានដល់ការដឹកជញ្ជូនទំនិញ នៅក្នុងសមុទ្រក្រហម ប្រសិនបើសហគមន៍អន្តរជាតិ បរាជ័យ។

លោក Hanegbi បានថ្លែងប្រាប់ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែលថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏ដូចជាមេដឹកនាំអឺរ៉ុបអំពីក្រុមហ៊ូធី ដែលកំណត់គោលដៅលើនាវាពាណិជ្ជកម្ម ដែលមានទំនាក់ទំនងរបស់អ៊ីស្រាអែល។

លោក Hanegbi បាននិយាយថា៖«អ៊ីស្រាអែល កំពុងផ្តល់ពេលវេលាដល់ពិភពលោក ដើម្បីរៀបចំដើម្បីទប់ស្កាត់បញ្ហានេះ ប៉ុន្តែប្រសិនបើ មិនមានការរៀបចំជាសកលទេ ព្រោះវាជាបញ្ហាសកល យើងនឹងចាត់វិធានការ ដើម្បីលុបបំបាត់ការឡោមព័ទ្ធរបស់កងទ័ពជើងទឹកនេះ»។
ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន គឺជាអង្គការនយោបាយ និងយោធាអ៊ីស្លាម Shia ដែលបាននិងកំពុងប្រយុទ្ធនឹងសង្រ្គាមស៊ីវិលប្រឆាំងនឹងក្រុមចម្រុះដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីឆ្នាំ ២០១៤។
មានការកើនឡើងនូវសកម្មភាពដែនសមុទ្ររបស់ពួកគេ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ហើយក្រុមនេះ បាននិយាយថា នាវាណាមួយដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល គឺជា«គោលដៅស្របច្បាប់» ។