បណ្តាទីភ្នាក់ងារជំនួយ បាននិយាយថា ស្ថានការណ៍ នៅហ្គាហ្សា គឺ «ដ៏បំផ្លិចបំផ្លាញ » ដោយមានពាក់កណ្តាលនៃចំនួនប្រជាជនឥឡូវនេះ កំពុងស្រេកឃ្លាន ហើយតម្លៃនៃម្សៅមួយបាវឡើងដល់ ៩៥ ដុល្លារ (៧៦ផោន) នៅតាមផ្នែកមួយចំនួន។

ខណៈពេលដែលអ៊ីស្រាអែល និយាយថា ខ្លួនកំពុងធ្វើការ ដើម្បីបង្កើនចំនួនជំនួយចូលទៅក្នុងតំបន់ហ្កា ហ្សា អង្គការសហប្រជាជាតិ បានរាយការណ៍ថា ខ្លួនស្ទើរតែមិនអាចចែកចាយជំនួយបច្ចុប្បន្នរបស់ខ្លួនបានទេ ដោយសារតែការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង និងការរឹតបន្តឹងនៃការចល័តរបស់ទាហានអ៊ីស្រាអែល។
ច្រកឆ្លងកាត់Rafah នៅជិតព្រំដែនប្រទេសអេហ្ស៊ីប គឺជាទីតាំងតែមួយគត់ ដែលការចែកចាយជំនួយ អាចធ្វើទៅបាននាពេលបច្ចុប្បន្ន ប៉ុន្តែបុគ្គលិកជំនួយ បាននិយាយថា ការចែកចាយមានចំនួនតិចតួច ដែលតាមដងផ្លូវ គឺពោរពេញទៅដោយមនុស្សដែលស្វែងរកអាហារហូបចុក។

លោក Carl Skau នាយករងនៃកម្មវិធីស្បៀងអាហារពិភពលោករបស់UN បាននិយាយថា៖ «ប្រតិបត្តិការមនុស្សធម៌ កំពុងដួលរលំ»។ «ពាក់កណ្តាលនៃចំនួនប្រជាជន កំពុងស្រេកឃ្លាន ដោយ ៩នាក់ក្នុងចំណោមមនុស្ស ១០នាក់ មិនបានបរិភោគអាហារ ជារៀងរាល់ថ្ងៃ»។