លោកប្រធានាធិបតីអាមេរិក Joe Biden និងមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy នឹងជួបគ្នានៅសេតវិមាននៅថ្ងៃអង្គារស្អែកនេះ ខណៈរដ្ឋបាលអាមេរិក បង្កើនសម្ពាធលើសភាឲ្យផ្ដល់ជំនួយរាប់ពាន់លានដល់ក្រុងគីវ (Kyiv) ក្នុងសង្រ្គាមជាមួយរុស្ស៊ី។

សេតវិមានបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ដំណើរទស្សកិច្ចនេះ ក្នុងបំណងបញ្ជាក់ការប្ដេជ្ញាចិត្តឥតបែកបែររបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន ខណៈពួកគេការពារប្រឆាំងការវាយលុកដ៏ព្រៃផ្សៃរបស់រុស្ស៊ី។

ស្របពេលដែលរុស្ស៊ី បង្កើនការវាយប្រហារដោយមីស៊ីល និងយានដ្រូនដាក់គោលដៅលើអ៊ុយក្រែន មេដឹកនាំទាំង២ នឹងពិភាក្សាពី តម្រូវការបន្ទាន់របស់អ៊ុយក្រែន និង សារៈសំខាន់របស់សហរដ្ឋអាមេរិកក្នុងការបន្តគាំទ្រនៅក្នុងពេលវេលាដ៏យ៉ាប់យ៉ឺននេះ។

ការិយាល័យរបស់លោក Zelenskyy បានបញ្ជាក់ថា លោកបានទទួលការអញ្ជើញរបស់លោក Biden ។ លោកក៏ត្រូវបានស្នើឲ្យថ្លែងទៅកាន់កិច្ចប្រជុំនៃសមាជិកព្រឹទ្ធសភាទាំងអស់ ផងដែរ។
លោក Biden បានស្នើទៅសភានូវកញ្ចប់ជំនួយសម្រាប់សង្រ្គាមចំនួន១១០ពាន់លានដុល្លារអាមេរិក ក្នុងនោះឲ្យទៅអ៊ុយក្រែន និង អ៊ីស្រាអែលចំនួន ៦១,៤ពាន់លានដុល្លារអាមេរិក រួមទាំងកិច្ចការអាទិភាពសម្រាប់សន្តិសុខជាតិផ្សេងទៀត។ ប៉ុន្តែសំណើនេះ ត្រូវបានជាប់គាំង នៅក្នុងការពិភាក្សាដេញដោលជុំវិញគោលនយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែនរបស់សហរដ្ឋអាមេរិក ៕