ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាការសន្យាថ្មីដែលបានប្រកាសនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP28 លើការកើនឡើងបីដងនៃការប្រប្រាស់ថាមពលកកើតឡើងវិញលើសការបំភាយឧស្ម័នមេតាន នឹងមិនគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការឡើងកម្ដៅផែនដីក្នុងកម្រិត ១,៥អង្សាសេនោះទេ។

រហូតមកដល់ពេលនេះ ប្រទេសចំនួន១៣០ បានយល់ព្រមលើការប្រើប្រាស់ថាមពលកកើតឡើងវិញចំនួនបីដង និងបង្កើនអត្រាការកែលម្អប្រសិទ្ធភាពថាមពលទ្វេដង ខណៈដែលក្រុមហ៊ុនប្រេង និងឧស្ម័នចំនួន ៥០ស្ថាប័ន បានយល់ព្រមកាត់បន្ថយការបំភាយឧស្ម័នមេតាន និងលុបបំបាត់ការដុតចំហេះជាទម្លាប់ត្រឹមឆ្នាំ២០៣០ ក្រោមធម្មនុញ្ញកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីតពីប្រេង និងឧស្ម័ន។

ការវិភាគរបស់ទីភ្នាក់ងារ IEA បាននិយាយថា ប្រសិនបើមនុស្សគ្រប់គ្នាអនុវត្តការប្តេជ្ញាចិត្តរបស់ពួកគេ វានឹងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលទាក់ទងនឹងថាមពលពិភពលោកចំនួន ៤ពាន់លានតោននៃឧស្ម័នកាបូនឌីអុកស៊ីតដែលត្រូវការនៅឆ្នាំ២០៣០។ នោះគឺប្រហែលមួយភាគបីនៃគម្លាតនៃការបំភាយឧស្ម័នដែលត្រូវកាត់បន្ថយក្នុងរយៈពេលប្រាំមួយឆ្នាំខាងមុខដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដីកម្រិត ១,៥C លើសកម្រិតមុនសម័យឧស្សាហកម្ម ដូចដែលបានព្រមព្រៀងក្នុងកិច្ចព្រមព្រៀងប៉ារីសឆ្នាំ២០១៥។
បន្ថែមពីលើកំណើនថាមពលកកើតឡើងវិញ ការបង្កើនប្រសិទ្ធភាពថាមពល និងការកាត់បន្ថយឧស្ម័នមេតាន ទីភ្នាក់ងារនេះបាននិយាយថា យន្តការហិរញ្ញប្បទានទ្រង់ទ្រាយធំគឺចាំបាច់សម្រាប់ការវិនិយោគថាមពលស្អាតបីដងនៅក្នុងបណ្ដាប្រទេសក្រីក្រ។ ទីភ្នាក់ងារ IEA ក៏បាននិយាយផងដែរថា ពិភពលោកនឹងត្រូវការប្តេជ្ញាចិត្តចំពោះការថយចុះនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងបញ្ចប់ការអនុម័តថ្មីនៃរោងចក្រថាមពលដើរដោយធ្យូងថ្មដែលមិនទាន់មានដំណើរការ៕