ចិន និងជប៉ុន បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការលុកលុយដែនសមុទ្របន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងឆ្មាំល្បាតឆ្នេររបស់ពួកគេនៅក្នុងដែនទឹកជុំវិញកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអាទិត្យ (១០ ធ្នូ) ថាទូកនេសាទរបស់ជប៉ុន និងនាវាល្បាតជាច្រើនគ្រឿងកាលពីថ្ងៃមុននោះ បានចូលចូលទៅក្នុងទឹកជុំវិញប្រជុំកោះតូចៗដែលមានឈ្មោះថា តាវយ៉ូ (Diaoyu) ក្នុងប្រទេសចិន និងឈ្មោះថា សេនកាគូ (Senkaku) ក្នុងប្រទេសជប៉ុន។
ប្រជុំកោះដែលគ្មានមនុស្សរស់នៅនេះត្រូវបានគ្រប់គ្រងដោយប្រទេសជប៉ុន ប៉ុន្តែក៏ទាមទារសិទ្ធដោយប្រទេសចិនផងដែរ។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចាត់វិធានការចាំបាច់ស្របតាមច្បាប់ដើម្បីព្រមាននាវាជប៉ុន។

ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសជប៉ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា នាវាល្បាតដែនសមុទ្ររបស់ចិនពីរគ្រឿងបានចាកចេញពីដែនទឹករបស់ប្រទេសជប៉ុន ជុំវិញប្រជុំកោះនោះបន្ទាប់ពីទទួលបានការព្រមាន។ អង្គភាពនេះបាននិយាយទៀតថា នាវាល្បាតរបស់ខ្លួនកំពុងការពារទូកនេសាទជប៉ុន ដែលត្រូវបាននាវាចិនចូលទៅជិត។
ជម្លោះដែនសមុទ្រអាស៊ីដែលពាក់ព័ន្ធនឹងចិនបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ខណៈប្រទេសចិន និងហ្វីលីពីន បានធ្វើការចោទប្រកាន់កាលពីថ្ងៃអាទិត្យជុំវិញការប៉ះទង្គិចគ្នារវាងនាវារបស់ពួកគេនៅក្នុងផ្នែកមួយនៃសមុទ្រចិនខាងត្បូង ដែលប្រទេសនីមួយៗអះអាងថាជាការប្រឈមមុខគ្នាលើកទីពីរក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ៕
