ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP28 កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យក្រុមអ្នកចរចា ខិតខំធ្វើការបន្ថែមទៀត ដើម្បីស្វែងរកឲ្យឃើញការឯកភាពគ្នាលើកិច្ចព្រមព្រៀងដំបូងដែលបានស្នើឡើង ដើម្បីបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលរបស់ពិភពលោក ខណៈសន្និសីទរយៈពេលពីរសប្តាហ៍ បានឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន។

កិច្ចពិភាក្សានៅក្នុងទីក្រុងឌូបៃ បានបង្ហាញពីភាពខ្វែងគំនិតគ្នាជាអន្តរជាតិដ៏ជ្រៅ ជុំវិញតួនាទីនាពេលអនាគតនៃប្រេង ឧស្ម័ន និងធ្យូងថ្ម ដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងធ្វើឡើងដោយប្រទេសជិត២០០ ដើម្បីពិភាក្សាឲ្យឈានដល់កិច្ចព្រមព្រៀងមួយ មុនពេលការបញ្ចប់កិច្ចប្រជុំកំពូលតាមការគ្រោងទុកនៅថ្ងៃទី ១២ ខែធ្នូ។

សម្ព័ន្ធនៃបណ្តាប្រទេសជាង៨០ រួមមានទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសកោះតូចៗកំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងនៅនៅកិច្ចប្រជុំកំពូលអាកាសថាតុ COP28 ដែលរួមមានភាសាដើម្បី «បញ្ឈប់» ឥន្ធនៈហ្វូស៊ីល ជាប្រភពចម្បងនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្រ បានដាក់កំហុសចំពោះការឡើងកម្តៅផែនដីសកល។ ពួកគេកំពុងឡើងទប់ទល់ទៅនឹងការប្រឆាំងដ៏តឹងតែងដឹកនាំដោយក្រុមប្រទេសផលិតប្រេង OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន។
បេសកជនជាន់ខ្ពស់អាកាសធាតុរបស់ចិន លោក Xie Zhenhua បាននិយាយថា កិច្ចព្រមព្រៀង COP28 អាចត្រូវបានចាត់ទុកថាជាជោគជ័យ ប្រសិនបើវារួមបញ្ចូលកិច្ចព្រមព្រៀងស្តីពីឥន្ធនៈហ្វូស៊ីល ទោះបីជាលោកមិនបាននិយាយថាតើ ទីក្រុងប៉េកាំងនឹងគាំទ្រកិច្ចព្រមព្រៀង «ការបញ្ឈប់ប្រើប្រាស់» ក៏ដោយ។