ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអភិបាលតំបន់ចុងបូព៌ារបស់រុស្ស៊ី បង្ហាញពីការកើនឡើងនៃចំនួនបុគ្គលិកយោធា ដែលត្រូវបានបញ្ជូនពីតំបន់នោះ ហើយត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលពីរខែកន្លងទៅនេះ។

ខណៈរដ្ឋាភិបាលរុស្ស៊ី កម្របង្ហាញការពីអ្នកស្លាប់ក្នុងចំណោមទាហាន ដែលចូលរួមក្នុងប្រតិបត្តិការសិកនៅប្រទេសអ៊ុយក្រែន អភិបាលតំបន់ Sakhalin លោក Valery Limarenko បានធ្វើពិធីរំលឹកដល់សមាជិកម្នាក់ៗដែលបានស្លាប់ ដោយការចែករំលែកឈ្មោះ និងឋានៈរបស់ពួកគេនៅលើបណ្តាញផ្សព្វផ្សាយសង្គម។

ការប្រយុទ្ធគ្នាយ៉ាងខ្លាំង កំពុងបន្តនៅក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន និងតំបន់ផ្សេងទៀត ខណៈកងកម្លាំងអ៊ុយក្រែនបង្កើនការវាយបករបស់ពួកគេ។ ក្រសួងការពារជាតិ របស់ចក្រភពអង់គ្លេស និងប្រភពផ្សេងទៀត បាននិយាយថា ចំនួនអ្នកស្លាប់កើនឡើងក្នុងចំណោមកងកម្លាំងរុស្ស៊ី។ ព័ត៌មានដែលបានចែករំលែកនៅក្នុងការបង្ហោះរបស់អភិបាលតំបន់ Sakhalin ទំនងជាគាំទ្រទស្សនៈនេះ។ លោក Limarenko បានប្រកាសនៅក្នុងវីដេអូមួយ ដែលបានចេញផ្សាយថា ពិធីមួយត្រូវបានធ្វើឡើងដើម្បីដាក់បង្ហាញទីតាំងរំលឹក ដើម្បីគោរពដល់បុគ្គលិកអង្គភាពដែលបានស្លាប់។ វាត្រូវបានសាងសង់ នៅទីបញ្ចុះសពមួយកន្លែង ក្នុងទីក្រុង Yuzhno-Sakhalinsk ភាគកណ្តាលរបស់តំបន់។ លោកអភិបាលតំបន់ បាននិយាយនៅក្នុងសុន្ទរកថា ថា ប្រជាជនបានមកប្រមូលផ្តុំគ្នានៅទីតាំងនេះ ដើម្បីមើលកូនប្រុសរបស់ពួកគេចាកចេញសម្រាប់ដំណើរលាចុងក្រោយ។
ស្ត្រីម្នាក់ ដែលបានបាត់បង់កូនប្រុសនិយាយថា គាត់តស៊ូដើម្បីការពារគ្រួសារ និងទឹកដី ហើយ លោកស្រីមានមោទនភាពចំពោះកូនប្រុសរបស់គាត់។ ស្ត្រីម្នាក់ទៀតដែលបានបាត់បង់ប្អូនប្រុស បាននិយាយថា នាងមិនអាចអធិប្បាយបានពីការឈឺចាប់របស់នាងដោយពាក្យសម្ដីបាននោះទេ។ ទីរំលឹកកម្ពស់ ៤ ម៉ែត្រនេះ មានការរចនាបង្ហាញអក្សរ «Z» ជានិមិត្តសញ្ញានៃការគាំទ្រដល់ការវាយលុក របស់យោធា ទៅលើអ៊ុយក្រែន ដែលជាក់ស្តែងមានគោលបំណងជំរុញសាមគ្គីភាពរបស់ប្រជាជន ក្នុងអំឡុងពេលជម្លោះ។