ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នៅកម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៤ថ្ងៃកាលពីចុងសប្ដាហ៍កន្លងទៅ ដោយក្រុមម្ចាស់ផ្ទះកម្ពុជា ឈរចំណាត់ថ្នាក់លេខ២
ក្នុងតារាងមេដាយ ដោយដណ្ដើមបានមេដាយសរុប ៤៨គ្រឿង គ្រាដែលកីឡាករ-កីឡាការិនីមានការកើនឡើងនូវបច្ចេកទេសខ្ពស់គួរឲ្យកត់សម្គាល់ ។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា ការប្រកួតថ្នាក់តំបន់ ដែលកម្ពុជាទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះ ២ឆ្នាំជាប់គ្នានេះបានប្រព្រឹត្ដទៅដោយរលូន និងជោគជ័យ រហូតទទួលបានការកោតសរសើរពីបណ្ដាប្រទេសចូលរួមលើការរៀបចំ និងការទទួលបដិសណ្ឋារកិច្ច ដែលស្របតាមស្ដង់ដារអន្ដរជាតិ ។

ជាមួយការរៀបចំដ៏ល្អអមជាមួយកិច្ចសហការ និងមានការជួយគាំទ្រផ្ទាល់ពីមន្ដ្រីបច្ចេកទេសមកពីសហព័ន្ធកីឡាចំបាប់អន្ដរជាតិផងនោះបានធ្វើឲ្យបណ្ដាលប្រទេសក្នុងតំបន់ សប្បាយរីករាយ និងមានភាពកក់ក្ដៅ ហើយថែមទាំងស្នើឲ្យកម្ពុជាបន្ដធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍នេះជាបន្ដបន្ទាប់នាឆ្នាំក្រោយទៀតផង។ ដូច្នេះប្រសិនបើឆ្នាំក្រោយ ពុំមានប្រទេសណាទទួលរៀបចំនោះទេ កម្ពុជាអាចនឹងធ្វើម្ចាស់ផ្ទះជាថ្មីម្ដងទៀត។

ក្រៅពីជោគជ័យលើការងាររៀបចំកម្ពុជាក៏ទទួលបានជោគជ័យផ្នែកបច្ចេកទេសផងដែរ ដ្បិតកីឡាករ-កីឡាការិនីកម្ពុជាកើនបច្ចេកទេសខ្ពស់ជាងមុន បើធៀបការហ្វឹកហាត់មុន និងក្រោយស៊ីហ្គេមបន្ទាប់ពីពួកគេមានការប្រកួតច្រើន ទាំងកម្រិតតំបន់ ទ្វីប និងពិភពលោក ដែលធ្វើឲ្យកីឡាករ-កីឡាការិនីមានភាពរីកចម្រើនស្របតាមផែនការ ដែលសហព័ន្ធចង់រក្សា និងជំរុញបច្ចេកទេសបន្ថែម ដើម្បីត្រៀមដូចជាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នៅកម្ពុជាជាដើម ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ចំពោះលទ្ធផលបច្ចេកទេសទាំង ៣ប្រភេទអាយុ រួមមានអាយុក្រោម ១៧ឆ្នាំ, អាយុក្រោម ២០ឆ្នាំ និងក្រុមពេញវ័យ គឺក្រុមអត្តពលិកវៀតណាម ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨៤គ្រឿង (មាស ៦៩,ប្រាក់ ១៤ និងសំរឹទ្ធ ១) ខណៈកម្ពុជា ឈរលេខ២ ដណ្ដើមបានមេដាយសរុប ៤៨គ្រឿង(មាស ៤ ប្រាក់ ២៧ និងសំរឹទ្ធ ១៧) ឈរលើក្រុមថៃ ដែលឈរលេខ៣ ដណ្ដើមបានមេដាយសរុប១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) ។ ចំណែកក្រុមកីឡាចំបាប់ហ្វីលីពីនដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០) ឈរលេខ៤លើក្រុមសិង្ហបុរី ដែលដណ្ដើមបានមេដាយសរុប ១៣គ្រឿង (មាស ១ ប្រាក់ ៧ និងសំរឹទ្ធ ៥) ។ រីឯឥណ្ឌូនេស៊ី គឺឈរលេខ៦ ដោយដណ្ដើមបានមេដាយប្រាក់ ៥ និងសំរឹទ្ធ ១១ សរុប ១៦គ្រឿង និងក្រុមកីឡាចំបាប់ឡាវ ឈរលេខ៧ ក្នុងតារាងមេដាយដណ្ដើមបានមេដាយ ២គ្រឿង (ប្រាក់ ១ និងសំរឹទ្ធ ១) ៕ អត្ថបទ លី ឈុនឡា




