ប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនបានចោទប្រកាន់អ៊ីស្រាអែលថាកំពុងរៀបចំផែនការបណ្តេញពលរដ្ឋហ្កាហ្សា យ៉ាងច្រើនចូលទៅក្នុងប្រទេសអេហ្ស៊ីប ដែលការចោទប្រកាន់នេះ ត្រូវបានអ៊ីស្រាអែលនិយាយថា ជារឿងមិនពិត។

រយៈពេលជាងពីរខែនៃសង្រ្គាមដ៏បង្ហូរឈាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ បានបណ្ដាលឲ្យប្រជាជនភាគច្រើននៃតំបន់ហ្កាហ្សា ត្រូវរត់ភៀសខ្លួន ប៉ុន្តែប្រជាជនប៉ាឡេស្ទីនភាគច្រើនត្រូវបានរារាំងមិនឱ្យចាកចេញពីដែនដីដ៏តូច ដែលឡោមព័ទ្ធនេះទេ។

នៅក្នុងទស្សនៈមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍នៅក្នុងសារព័ត៌មាន Los Angeles Times ប្រធានទីភ្នាក់ងារការងារ និងផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិ(UNRWA) លោក ហ្វីលីព ឡាហ្សារីនី (Philippe Lazzarini) បានចង្អុលបង្ហាញពីវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ហ្កាហ្សា និងការប្រមូលផ្តុំកាន់តែច្រើន នៅជិតព្រំដែននៃជនស៊ីវិលដែលចល័តទីលំនៅក្រោយការភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដំបូងនៅភាគខាងជើង និងបន្តទៅភាគខាងត្បូង។

លោក ឡាហ្សារីនី បាននិយាយថា អង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកមួយចំនួន រួមទាំងសហរដ្ឋអាមេរិក បានច្រានចោលយ៉ាងដាច់ខាតចំពោះការបណ្តេញពលរដ្ឋហ្កាហ្សាចេញពីតំបន់ហ្កាហ្សាស្ទ្រីប។
ប៉ុន្តែស្ថានការណ៍វិវត្តន៍ ដែលយើងកំពុងមើលឃើញ បង្ហាញពីការប៉ុនប៉ងបញ្ជូនពលរដ្ឋប៉ាឡេស្ទីនចូលទៅក្នុងប្រទេសអេហ្ស៊ីប ដោយពុំគិតពីថាតើពួកគេស្នាក់នៅទីនោះ ឬត្រូវបានតាំងទីលំនៅថ្មីនៅកន្លែងផ្សេងនោះទេ៕