អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកទៅលើទីក្រុងធំនៅតំបន់ហ្កាហ្សាភាគខាងត្បូង នៅថ្ងៃចន្ទ ទី១១ ខែធ្នូ នេះ បន្ទាប់ពីក្រុមហាម៉ាស បានព្រមានថា គ្មានចំណាប់ថ្នូរអ៊ីស្រាអែលណាម្នាក់នឹងចាកចេញពីដែនដីនេះបានឡើយ លុះត្រាតែការទាមទារឱ្យដោះលែងអ្នកទោសត្រូវបានបំពេញ។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បានវាយប្រហារទៅលើទីក្រុង Khan Yunis ខណៈក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជីហាត បាននិយាយថាពួកគេបានបំផ្ទុះលំនៅឋានមួយខ្នងជាកន្លែងដែលទាហានអ៊ីស្រាអែល កំពុងស្វែងរកច្រកផ្លូវរូងក្រោមដី។

កងទ័ពបានរាយការណ៍ថា មានការបាញ់គ្រាប់រ៉ុក្កែត ចេញពីតំបន់ហ្កាហ្សា ចូលទៅក្នុងទឹកដីអ៊ីស្រាអែលនៅថ្ងៃចន្ទនេះ និងបាននិយាយថា ការប្រយុទ្ធគ្នាខ្លាំងបានកើតឡើងកាលពីថ្ងៃអាទិត្យ នៅជុំវិញទីក្រុង ហ្កាហ្សា និងទីក្រុងខាន់យូនីស(Khan Yunis)។
ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យបានព្រមានថា អ៊ីស្រាអែល នឹងមិនទទួលបានចំណាប់ថ្នូររបស់ពួកគេនៅរស់ឡើយ បើគ្មានការដោះដូរ ការចរចា និងការបំពេញតាមការទាមទារ។
ការទម្លាក់គ្រាប់បែក និងការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ជាច្រើនខែមកនេះ បានធ្វើឱ្យប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា ធ្លាក់ដល់មាត់ជ្រោះនៃការដួលរលំ ដោយមន្ទីរពេទ្យភាគច្រើនលែងដំណើរការ ហើយមនុស្សជិតពីរលាននាក់បានភៀសខ្លួនចេញ។