ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោកបានចេញសេចក្ដីជូនដំណឹងចុងក្រោយ ជូនដល់ម្ចាស់អាជីវកម្ម លក់ដូរលើផ្លូវ អមសងខាង ជុំវិញមន្ទីរពេទ្យកុមារជាតិឲ្យរុះរើចេញ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យ និងកាត់បន្ថយការកក់ស្ទះ។
នៅព្រឹកថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០២៣ នេះ លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះអប់រំណែនាំ និងបិទសេចក្ដីជូនដំណឹងចុងក្រោយរបស់រដ្ឋបាលខណ្ឌជូនដល់ម្ចាស់អាជីវកម្មប្រកបការលក់ដូរ លើចិញ្ជើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិទាំងអស់ដើម្បីឲ្យរុះរើចេញក្នុងរយៈពេលមួយសប្តាហ៍។ ដោយកន្លងមកពួកគាត់បានយកចិញ្ចើមផ្លូវលក់ដូរ រំលោភលើផ្លូវ ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកក់ស្ទះចរាចរណ៍ផងដែរ។
ក្នុងនោះដែរលោកអភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា អាជ្ញាធរខណ្ឌទួលគោកបានចុះជូនដំណឹងដល់ម្ចាស់អាជីវកម្ម នៅជុំវិញរបងពេទ្យកុមារជាតិជាច្រើនលើកច្រើនសារមកហើយ។ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះមិនបានចូលរួមសហការជាមួយអាជ្ញាធរឡើយ។ ដូច្នេះអាជ្ញាធរបានចេញសេចក្ដីជូនដំណឹងនេះជាលើកចុងក្រោយ ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីឲ្យពួកគាត់រុះរើចេញក្នុងករណីមិនចូលរួមសហការជាមួយអាជ្ញាធរ និងចាត់ការវិធានការរដ្ឋបាល។
សូមបញ្ជាក់ផងដែរ ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ មេត្តា ជ្រាបថា ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈពេលឱ្យ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕ អត្ថបទ៖ កុម្ភៈ






