ភ្នំពេញ៖ធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំរបស់គណៈកម្មា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
បន្ទាប់ពីបានពិនិត្យលើឯកសារ និងស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេច ទី១ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សឆន្ទៈខ្មែរ ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស- តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ទី២ ទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សកម្លាំងជាតិ ដែលមាន ៨ (ប្រាំបី) ភូមិភាគ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស- តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ទី៣ ចេញលិខិតជូនដំណឹងទៅ គណបក្សហ៊្វុនស៊ិនប៉ិច ឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត។ ខ្លឹមសារក្នុងលិខិតនោះ បានបញ្ជាក់ថា ចំណុចខ្វះខាតដែលគណបក្សត្រូវបំពេញបន្ថែម។
ក្នុងរបៀបវារៈផ្សេងៗ ក្រោយពីបានស្តាប់របាយការណ៍របស់អង្គភាពជំនាញរួចមក អង្គប្រជុំ គ.ជ.ប សម្រេចឱ្យនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត អនុវត្តតាមសេចក្តីសម្រេចស្ថាពរ ចំនួន ៩ (ប្រាំបួន)របស់ក្រុមប្រឹក្សាឃុំ ចំនួន ៦ (ប្រាំមួយ) នៃខេត្តកំពង់ស្ពឺ ដែលសម្រេចរក្សាទុកឈ្មោះ ចំនួន ១ (មួយ) បណ្តឹង និងសម្រេច លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតដំបូង ឆ្នាំ២០២៣ ចំនួន ៨ (ប្រាំបី) បណ្តឹង។
ក្នុងកិច្ចប្រជុំនេះ គ.ជ.ប បានឯកភាពលើរូបភាពស្ប៉ូតវីដេអូអប់រំរឿង ចំនួន ១ (មួយ) រឿង សម្រាប់ផ្សព្វផ្សាយ ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤៕ដោយ ៖ ដារា






