ភ្នំពេញ៖ កម្ពុជា-វៀតណាម ប្ដេជ្ញារួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ បង្កើតភូម ឃុំ សគ្មានគ្រឿងញៀន នៅតាមព្រំដែន ដើម្បីបង្ការទប់ស្កាត់ជាមុន នូវការរត់ពន្ធគ្រឿង ឆ្លងដែននៃ ប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត បើទោះបីជាស្ថិតនៅក្នុងបរិបទ នៃការឆ្លងជំងឺកូវីដ១៩ជាសកលយ៉ាងណាក៏ដោយ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបពិភាក្សាការងារ រវាងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក Vu Quamg Mimnh ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ មិថុនានេះ នៅទីស្ដីការគណ:រដ្ឋមន្ត្រី ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបញ្ជាក់ថា កម្ពុជា និងបន្តបង្កើនកិច្ចសហកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយព្រំដែន ជាមួយភាគីវៀតណាមបន្ថែមទៀត ដើម្បីធ្វើសកម្មភាពព្រមៗគ្នា ក្នុងការធ្វើសកម្មភាពល្បាតត្រួតពិនិត្យ ស្រាវជ្រាវស៊ើបអង្កេត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស គ្រឿងញៀនឲ្យសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងទិសដៅប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ស គ្មានគ្រឿងញៀន។
ឯកឧត្ដមបន្តថា ក្រៅពីកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីវៀតណាម អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ត្រូវបង្កើនយុទ្ធនាការឃោសនាប្រមូលផ្តុំកម្លាំងគាំទ្រពីមហាជន និងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ឲ្យចូលរួម ក្នុងចលនាប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែសកម្មបន្ថែមទៀត ដើម្បីលើកកម្ពស់ស្ថានភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ឆ្លើយតបចំពោះកិច្ចការនេះលោក Vu Quamg Mimnh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា បានឯកភាពចំពោះការបង្កើតឲ្យមាន ភូម ឃុំ សគ្មានគ្រឿងញៀននៅតាមព្រំដែនទាំងភាគីវៀតណាម និងកម្ពុជា ដើម្បីធ្វើការរួមគ្នា ក្នុងការបង្កើនសកម្មភាពស្រាវជ្រាវ ប្រមូលព័ត៌មានពាក់ព័ន្ធបទល្មើសគ្រឿងញៀនក្នុងភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីក្តាប់ភូមិសាស្ត្រនៃការចរាចរណ៍លួចដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ព្រំដែនទៅមក និងមានវិធានការ ដោះស្រាយបង្ក្រាប ឲ្យបានទាន់ពេលវេលា។
សូមជម្រាបថា ក្រសួងមហាផ្ទៃ ក៏បានបានដាក់ចេញនូវ ផែនការ ស្តីពីយុទ្ធនាការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្តោយព្រំដែន ដោយផ្ដោតសំខាន់លើការ ដោះស្រាយ និងបង្ក្រាបបទល្មើសគ្រឿងញៀនតាមខ្សែបន្ទាត់ព្រំដែន ឲ្យស្ថិតក្នុងស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅតាមតំបន់ព្រំដែនឲ្យកាន់តែល្អប្រសើរឡើងដោយរួមសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចៀសឲ្យបាននូវឥទ្ធិពលអវិជ្ជមាននានាបណ្ដាលមកពីគ្រឿងញៀន៕ អត្ថបទ៖ បាន ចក់