ភ្នំពេ ៖ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានស្នើដល់អង្គភាពពាក់ព័ន្ធបង្កើនការប្រើប្រាស់ភាសាសញ្ញា អក្សររត់ អក្សរប្រៃយ៍(អក្សរស្ទាប) អក្សរពុម្ពធំ សំឡេងឲ្យបានទូលំទូលាយជាពិសេសការពង្រីកស្ថានីយផ្សាយ និងតំបន់គ្របដណ្តប់នៃប្រព័ន្ធផ្សព្វផ្សាយ ដែលធ្វើប្រតិបត្តិការដោយជនមានពិការភាព ដើម្បីផ្តល់ឱកាសទំនាក់ទំនងក៏ដូចជាការបញ្ចេញមតិយោបល់ និងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ជនមានពិការភាពគ្រប់ប្រភេទនោះ។
ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ និងជាអគ្គលេខា ធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បាជំរុញបែបនេះនាឱកាស តំណាងឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងពិធីបើកសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ «ការវាយតម្លៃតម្រូវការព័ត៌មានសម្រាប់ជនមានពិការភាពនៅកម្ពុជា» នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ រ៉ាហ្វល ភ្នំពេញ។
ឯកឧត្តមបញ្ជាក់ថា ការបង្កើតកម្មវិធីថ្នាលនានានិងឧបករណ៍ជំនួយទំនាក់ ទំនង ការនិយាយ ការអាន ការស្តាប់ និង ការមើលឲ្យបានទូលំទូលាយ ដែលជនមានពិការភាពគ្រប់គ្នាអាចប្រើ ប្រាស់បាន។ ដូច្នេះដើម្បីឲ្យជនមានពិការភាពទាំងឡាយទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយនោះ គឺមានតែការ ចូលរួមពីគ្រប់អង្គភាពពាក់ព័ន្ធទាំងឡាយ រួមគ្នាគិតអំពីតម្រូវការរបស់ជនពិការភាព ក្នុងការទទួលបាននូវព័ត៌មានដែលមានលក្ខណៈជាក់លាក់ពីតម្រូវការទៅតាមប្រភេទពិការភាពផ្សេងៗ ដែលអាចទុកចិត្តបាន ជាមួយនឹងការ បកប្រែច្បាស់លាស់សាមញ្ញ និងទាន់ពេលវេលា ផងនោះ។
ឯកឧត្តមសង្កត់ធ្ងន់ថា ការទទួលបានព័ត៌មានគ្រប់គ្រាន់គឺជាការបង្កើតនូវកាលានុវត្តថ្មីៗដែលអាចជួយឱ្យគុណភាពជីវិតជនមានពិការភាពកាន់តែប្រសើរឡើង ខណៈការទទួលបាននូវព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច ការអប់រំ និងបណ្តុះបណ្តាល សេវាសុខភាព សេវាសាធា រណៈផ្សេងទៀតរួមទាំងព័ត៌មានសង្គម និងវប្បធម៌ បរិស្ថាន ដែលជាតម្រូវការសំខាន់ ដោយលើកទឹកចិត្តដល់ជនមានពិការភាពគ្រប់រូបខិតខំស្រាវជ្រាវរកព័ត៌មានថ្មីៗ តាមថ្នាលសារព័ត៌មាននានាដោយប្រើប្រាប់កម្មវិធីដែលមានផាសុកវត្ថុដើម្បីទទួលបានព័ត៌មានដោយជនពិការខ្លួនឯង៕ ដោយ ៖ ភារម្យ















