
ប្រជាជនម៉ារ៉ុក រាប់ពាន់នាក់នាំគ្នាតវ៉ាដោយគ្រវីទង់ជាតិប៉ាឡេស្ទីនបានដើរតាមដងផ្លូវនៃរដ្ឋធានី រ៉ាបា (Rabat) កាលពីថ្ងៃអាទិត្យ (១០ ធ្នូ) អំពាវនាវឱ្យរដ្ឋាភិបាលកាត់បន្ថយទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងការតវ៉ាប្រឆាំងនឹងការបន្តការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ដែលបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់។
ការតវ៉ាប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានទាក់ទាញមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសម៉ារ៉ុក ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពីពីរខែមុនមក ដែលភាគច្រើនដឹកនាំដោយក្រុមអារ៉ាប់ និងក្រុមអ៊ីស្លាមនិយម។
ការហែក្បួនតវ៉ាកាលពីថ្ងៃអាទិត្យដោយក្រុមបាតុករប្រហែល ៣.០០០នាក់នេះ គឺជាការតវ៉ាលើកដំបូងដែលត្រូវបានដឹកនាំដោយគណបក្ស PJD ដែលជាគណបក្សអ៊ីស្លាមនិយមដ៏ធំបំផុតរបស់ប្រទេសម៉ារ៉ុក ដែលបានដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតពីឆ្នាំ២០១១ ដល់ឆ្នាំ២០២១ ដែលជាសញ្ញាមួយបង្ហាញថាចលនាប្រឆាំងកំពុងកើនឡើងកាន់តែខ្លាំងនៅក្នុងប្រទេស។
ម៉ារ៉ុកបានយល់ព្រមពង្រឹងទំនាក់ទំនងជាមួយអ៊ីស្រាអែលនៅឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយរដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ដែលរួមបញ្ចូលទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់អធិបតេយ្យភាពម៉ារ៉ុកលើទឹកដីដែលមានជម្លោះនៃតំបន់សាហារ៉ាខាងលិច។
ទោះបីជាមានគោលនយោបាយប្រក្រតីភាពនៃទំនាក់ទំនងជាមួយអ៊ីស្រាអែលក៏ដោយ ក៏អាជ្ញាធរម៉ារ៉ុកបាននិយាយថា ពួកគេបន្តគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីន ហើយបានជំរុញឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍នៅតំបន់ហ្កាហ្សា និងការការពារជនស៊ីវិលទាំងអស់នៅទីនោះ៕