
ប្រទេសអូស្ត្រាលី នៅថ្ងៃច័ន្ទ (១១ ធ្នូ) នេះបាននិយាយថា ខ្លួននឹងរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ និងកម្មករមានជំនាញទាប ដែលអាចកាត់បន្ថយការទទួលជនអន្តោប្រវេសន៍របស់ខ្លួនចំនួនពាក់កណ្តាលក្នុងរយៈពេល ២ឆ្នាំខាងមុខ ខណៈដែលរដ្ឋាភិបាលកំពុងស្វះស្វែងរកការកែលម្អនូវអ្វីដែលខ្លួនបាននិយាយថា ជាប្រព័ន្ធអន្តោប្រវេសន៍ «មានបញ្ហា»។
នៅក្រោមគោលនយោបាយថ្មី និស្សិតអន្តរជាតិនឹងត្រូវការទទួលបានចំណាត់ថ្នាក់ខ្ពស់លើការធ្វើតេស្តភាសាអង់គ្លេស ហើយនឹងមានការត្រួតពិនិត្យបន្ថែមទៀតលើពាក្យសុំទិដ្ឋាការទីពីររបស់សិស្ស ដែលពន្យារពេលការស្នាក់នៅរបស់ពួកគេ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) កាលពីចុងសប្តាហ៍បាននិយាយថា ចំនួនការធ្វើអន្តោប្រវេសន៍របស់ប្រទេសអូស្ត្រាលី ចាំបាច់ត្រូវត្រឡប់ទៅ «កម្រិតប្រកបដោយនិរន្តរភាព» ដោយបន្ថែមថា «ប្រព័ន្ធអន្តោប្រវេសន៍នេះបានខូចហើយ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី ឃ្លែរ អូនៀល (Clare O'Neil) បាននិយាយថា កំណែទម្រង់គោលដៅរបស់រដ្ឋាភិបាលនេះកំពុងដាក់សម្ពាធលើការធ្វើអន្តោប្រវេសន៍សុទ្ធនៅក្រៅប្រទេស ហើយនឹងរួមចំណែកបន្ថែមទៀតដល់ការធ្លាក់ចុះដែលរំពឹងទុកនៃចំនួនជនអន្តោប្រវេសន៍។
ការសម្រេចនេះកើតឡើងបន្ទាប់ពីការធ្វើអន្តោប្រវេសន៍សុទ្ធ ត្រូវបានគេរំពឹងថានឹងឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា ៥១០.០០០នាក់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣។ ទិន្នន័យផ្លូវការបានបង្ហាញថា តួលេខជនអន្តោប្រវេសន៍ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះមកនៅត្រឹមមួយភាគបួននៃចំនួនមួយលាននាក់ក្នុងឆ្នាំ២០២៤ ទៅឆ្នាំ២០២៥ និងឆ្នាំ២០២៥ ទៅឆ្នាំ២០២៦ ដែលប្រហាក់ប្រហែលនឹងកម្រិតមុនពេលជំងឺរាតត្បាតកូវីដ១៩៕