
ស្ថាប័នមួយក្នុងតំបន់អាហ្រ្វិក ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រុះសម្រួលលើសង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បាននិយាយថាខ្លួនបានធានាការប្តេជ្ញាចិត្តពីភាគីសង្រ្គាមដើម្បីអនុវត្តបទឈប់បាញ់និងរៀបចំការសន្ទនានយោបាយមួយក្នុងគោលបំណងដោះស្រាយជម្លោះ។
មិនមានការអត្ថាធិប្បាយភ្លាមៗពីកងទ័ពស៊ូដង់ ឬកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ដែលបានប្រឈមមុខដាក់គ្នាចាប់តាំងពីពាក់កណ្តាលខែមេសា នៅក្នុងជម្លោះដែលបានបំផ្លិចបំផ្លាញរដ្ឋធានី ខាទុំ (Khartoum) និងបង្កឱ្យមានរលកនៃការសម្លាប់ជនជាតិភាគតិចនៅតំបន់ដាហ្វឺ (Darfur) បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងការទូតជាច្រើនដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក៏ដោយ។
នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ក្នុងប្រទេសជីប៊ូទី (Djibouti) ដែលជាប្រធានបច្ចុប្បន្ននៃអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ (IGAD) ប្រមុខកងទ័ពស៊ូដង់ លោក អាបឌែល ហ្វាតាស អាល់ប៊ឺហាន (Abdel Fattah al-Burhan) បានយល់ព្រមចំពោះកិច្ចប្រជុំមួយទល់មួយជាមួយមេបញ្ជាការកងកម្លាំងគាំទ្ររហ័ស RSF លោក ម៉ូហាមេដ ហាមដាន ដាហ្កាឡូ (Mohamed Hamdan Dagalo) នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ អាជ្ញាធរអន្តររដ្ឋាភិបាល IGAD ។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា នៅក្នុងការហៅទូរស័ព្ទមួយ លោក Dagalo ដែលត្រូវបានគេស្គាល់ជាទូទៅថាឈ្មោះ ហេម៉េដទី (Hemedti) ក៏បានយល់ព្រមចំពោះសំណើបទឈប់បាញ់ និងកិច្ចប្រជុំជាមួយលោក Burhan ផងដែរ។ សង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា បានផ្ទុះឡើងជុំវិញផែនការគាំទ្រជាអន្តរជាតិមួយដើម្បីបញ្ចូលកម្លាំងយោធាប៉ារ៉ានេះចូលទៅក្នុងកងទ័ពជាតិ និងចាប់ផ្តើមការផ្លាស់ប្តូរឆ្ពោះទៅរកការបោះឆ្នោត៕