
អង្គការសុខភាពពិភពលោកបានយល់ព្រមលើសេចក្ដីសម្រេចមួយ ដែលជាសេចក្ដីសម្រេចលើកដំបូងដោយទីភ្នាក់ងារអង្គការសហប្រជាជាតិមួយ ដោយអំពាវនាវឱ្យមានលទ្ធភាពទទួលបានជំនួយមនុស្សធម៌ជាបន្ទាន់ និងការបញ្ចប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។
សេចក្ដីសម្រេច ដែលអំពាវនាវឱ្យមាន «ការអនុម័តជាបន្ទាន់ និរន្តរភាព និងគ្មានការរារាំងនៃការផ្តល់ជំនួយមនុស្សធម៌ រួមទាំងលទ្ធភាពទទួលបានបុគ្គលិកពេទ្យ» នេះត្រូវបានអនុម័តដោយឯកច្ឆន្ទនៅចុងបញ្ចប់នៃសម័យប្រជុំពិសេសនៃក្រុមប្រឹក្សាប្រតិបត្តិរបស់អង្គការ WHO កាលពីថ្ងៃអាទិត្យ (១០ ធ្នូ)។
អង្គការ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំថា ការអនុម័តនៃសេចក្ដីសម្រេចនេះ «គូសបញ្ជាក់ពីសារៈសំខាន់នៃសុខភាពជាអាទិភាពសកលនៅគ្រប់កាលៈទេសៈ និងតួនាទីនៃការថែទាំសុខភាព និងមនុស្សធម៌ក្នុងការកសាងស្ពានទៅកាន់សន្តិភាព ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកបំផុតក៏ដោយ»។
អង្គការសហប្រជាជាតិនិយាយថា ប្រហែល ៨០ភាគរយនៃចំនួនប្រជាជនហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅ និងប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំពេទ្យ រួមជាមួយនឹងការកើនឡើងនៃការគំរាមកំហែងនៃជំងឺ។
ការប្រយុទ្ធគ្នាបានបន្តក្នុងខែនេះ បន្ទាប់ពីការផ្អាករយៈពេលមួយសប្តាហ៍នៅក្នុងអរិភាព ដែលអនុញ្ញាតឱ្យមានការដោះលែងចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល និងបរទេសមួយចំនួន ជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនមួយចំនួនដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអ៊ីស្រាអែល ក៏ដូចជាការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា៕