
លោកស្រី Nikki Haley ដែលសង្ឃឹមទទួលបានការតែងតាំងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ បានធ្វើយុទ្ធនាការនៅរដ្ឋ Iowa កាលពីថ្ងៃអាទិត្យ (ថ្ងៃទី១០ ខែធ្នូ) ជាកន្លែង ដែលលោកស្រីបានជំរុញឲ្យមានការកំណត់អាណត្តិ អមដោយការរិះគន់ ចំពោះបេក្ខជននាំមុខរបស់គណបក្ស គឺលោក Donald Trump ព្រមទាំងលើកសរសើរចំនួនសំឡេងឆ្នោតផ្ទាល់ខ្លួនរបស់លោកស្រី។
ក្នុងអំឡុងពេលនៃការជួបជុំគ្នានៅទីក្រុង Waukee អតីតអភិបាលរដ្ឋ South Carolina និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ (UN) បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនរួចផុតពី «ភាពវឹកវរ» ដែលដេញតាមលោកអតីតប្រធានាធិបតីលោក Trump នោះឡើយ។
ដោយនិយាយសំដៅទៅកាន់លោក Trump វ័យ ៧៧ឆ្នាំ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden វ័យ ៨១ឆ្នាំ លោកស្រី Haley វ័យ ៥១ឆ្នាំ បានប្រាប់ទៅអ្នកចូលរួមថា ដល់ពេលវេលាហើយ ដែលត្រូវកំណត់អាណត្តិ និងដែលត្រូវធ្វើតេស្តសមត្ថភាពផ្លូវចិត្ត ចំពោះបណ្ដាមន្រ្តីអាមេរិក។
ជាមួយគ្នានេះ លោកស្រីក៏បាននិយាយដែរថា ទាំងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ត្រូវទទួលខុសត្រូវ ចំពោះបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស។ ដោយនៅសល់តែ ១ខែទៀតប៉ុណ្ណោះ មុនពេលគណបក្សសាធារណៈរដ្ឋរៀបចំការប្រកួតជ្រើសរើសបេក្ខជនដំបូងដ៏សំខាន់របស់ខ្លួន នៅរដ្ឋ Iowa ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា លោក Trump មានសំឡេងនាំមុខច្រើនលើលោកស្រី Haley និងអភិបាលរដ្ឋ Florida លោក Ron DeSantis៕