
លោក ម៉ាទីន អ៊ីនឌីក (Martin Indyk) អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) លាលែងពីតំណែងរបស់ខ្លួន ចំពេលដែលអ៊ីស្រាអែល កំពុងមានសង្រ្គាមជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស។
អតីតអ្នកការទូត មានវ័យ ៧២ឆ្នាំរូបនេះ បានធ្វើការឆ្លើយតបរបស់ខ្លួនទៅលោកណេតានីយ៉ាហ៊ូ នៅក្នុងការបង្ហោះកាលពីអាទិត្យនៅលើបណ្តាញសង្គម X ដែលជាកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលពីមុនត្រូវបានគេស្គាល់ថាTwitter។
លោកបានចែករំលែកតំណភ្ជាប់តាមបណ្តាញអ៊ីនធឺណីតទៅកាន់របាយការណ៍របស់សារព័ត៌មាន New York Times អំពីរបៀបដែលលោកណេតានីយ៉ាហ៊ូ បានដឹងអំពីប្រទេសជិតខាងកាតា បានបញ្ជូនប្រាក់រាប់លានដុល្លារ ជារៀងរាល់ខែ ទៅកាន់តំបន់ហ្កាហ្សាស្ទ្រីប។ ប្រាក់ទាំងអស់នេះ ត្រូវបានប្រើ ដើម្បីជួយគាំទ្រ រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងដែនដីនេះ ដែលសារព័ត៌មាន Times បានរាយការណ៍ថា លោកណេតានីយ៉ាហ៊ូ បានដឹង ប៉ុន្តែក៏បានលើកទឹកចិត្តដល់ការទូទាត់ប្រចាំខែទាំងនោះផង ដែរ។
លោកអ៊ីនឌីក បានសរសេរនៅក្នុងការបង្ហោះលើបណ្តាញសង្គម X របស់ខ្លួនជាការឆ្លើយតបទៅនឹងការបង្ហោះរបស់អ្នកប្រើផ្សេងទៀតថា៖«ខ្ញុំនឹងយល់ព្រមជាមួយអ្នក ប្រសិនបើលោកណេតានីយ៉ាហ៊ូ មិនបង្កឲ្យមានការបញ្ហាជាមួយលោក ចូ បៃដិន ដែលជាមិត្តតែមួយគត់របស់អ៊ីស្រាអែល ក្នុងវិបត្តិនេះ»។ «ការប្តេជ្ញាចិត្តរបស់លោកណេតានីយ៉ាហ៊ូ គឺការរក្សាអំណាច ទោះបីការចំណាយនេះ មានគ្រោះថ្នាកយ៉ាងច្បាស់លាស់សម្រាប់អ៊ីស្រាអែល»ក៏ដោយ។