
ប្រទេសស៊ូដង់ខាងត្បូង បានដកកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួននៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)ភាគខាងកើត។
លោក Lul Ruai Koang អ្នកនាំពាក្យនៃកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង បានថ្លែងប្រាប់សារព័ត៌មានស៊ីនហួ កាលពីថ្ងៃអាទិត្យ នៅទីក្រុងជូបា រដ្ឋធានីនៃប្រទេសស៊ូដង់ខាងត្បូងថា កងកម្លាំងទាំងអស់ដែលបានដាក់ពង្រាយ នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ដែលជាផ្នែកនៃកងកម្លាំងតំបន់សហគមន៍អាហ្វ្រិកខាងកើតមាន ត្រូវបានដកចេញពីតំបន់ Kivu ខាងជើងនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ការដកទ័ពរបស់ស៊ូដង់ខាងត្បូងនេះ ធ្វើឡើង បន្ទាប់ពីសហគមន៍អាហ្វ្រិកខាងកើត បានប្រកាស កាលពីថ្ងៃទី ២៥ ខែវិច្ឆិកាថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នឹងមិនបន្តអាណត្តិនៃកងកម្លាំង ក្នុងតំបន់លើសពីថ្ងៃទី៨ ខែធ្នូ នោះទេ។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២២ មក កម្លាំងក្នុងតំបន់នេះ រួមមានប្រទេសកេនយ៉ា អ៊ូហ្គង់ដា ប៊ូរុនឌី និងស៊ូដង់ខាងត្បូង ត្រូវបានឈរជើង នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីឆ្លើយតបទៅនឹងជម្លោះរវាងយោធាកុងហ្គោ និងក្រុមឧទ្ទាមចលនា កាលពីថ្ងៃទី ២៣ ខែមីនា។