
អង្គការសហប្រជាជាតិ ឬUN នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ បានអំពាវនាវរកថវិកាចំនួន ៤៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤ ដើម្បីយកទៅជួយមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ ដោយវិបត្តិមនុស្សធម៌ នៅជុំវិញពិភពលោក ក្នុងនោះរួមទាំងនៅក្នុងទឹកដីកាន់កាប់ប៉ាឡេស្ទីន ប្រទេសស៊ូដង់ និងអ៊ុយក្រែនផងដែរ។
អំឡុងសន្និសីទសារព័ត៌មានដែលត្រូវបានហាមឃាត់ កាលពីថ្ងៃព្រហស្បតិ៍ (ទី៧ ខែធ្នូ) ប្រធានផ្នែកជំនួយរបស់ UN លោក Martin Griffiths បាននិយាយថា មនុស្សជិត ៣០០លាននាក់ នឹងត្រូវការជំនួយមនុស្សធម៌ នៅឆ្នាំក្រោយ ដោយសារជម្លោះ ភាពអាសន្នអាកាសធាតុ និងកត្តាសេដ្ឋកិច្ច។ ជំនួយនោះរួមមានមនុស្ស ៧៤,១លាននាក់ នៅអាហ្វ្រិកខាងកើត និងខាងត្បូង ដែលមួយផ្នែកធំ ត្រូវបានរងផលប៉ះពាល់ដោយវិបត្តិ នៅប្រទេសស៊ូដង់។
ជាមួយគ្នានេះ លោក Griffiths បាននិយាយទៀតថា អង្គការផ្សេងទៀត រួមទាំងកាកបាទក្រហម និងសមាគមកាកបាទក្រហមជាតិ ក៏បានធ្វើការអំពាវនាវរកថវិកាផ្ទាល់ខ្លួនរបស់ពួកគេដែរ។
លោក Griffiths បានពិពណ៌នាថា នេះគឺជា «ការខ្វះខាតមូលនិធិដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ»។ លោកបាននិយាយថា វាមានការពិបាកក្នុងការកាត់បន្ថយនូវការអំពាវនាវ សម្រាប់ឆ្នាំ២០២៤ ហើយអះអាងថា ភ្នាក់ងារជំនួយ គឺ «ប្រាកដនិយម ផ្តោតអារម្មណ៍ និងម៉ត់ចត់» នៅពេលវាយតម្លៃពីតម្រូវការ៕