
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ដែលកំពុងប្រឈមនឹងការរិះគន់ នៅថ្ងៃចន្ទ (ទី១១ ខែធ្នូ) នេះ បានសន្យាថា នឹងស្ដារឲ្យមានទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកឡើងវិញ ចំពេលមានរបាយការណ៍ថា លោកកំពុងរៀបចំផែនការដករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវរៃអង្គាសប្រាក់ ដែលបានក្លាយជាដើមហេតុបង្កើតឲ្យមានផលប៉ះពាល់ថ្មី សម្រាប់ការគាំទ្រសាធារណៈដែលធ្លាក់ចុះរបស់លោក។
ការចោទប្រកាន់ដែលថា សមាជិកសភាមួយចំនួន បានទទួលប្រាក់រាប់ពាន់ដុល្លារជាមូលនិធិ ដែលមិនបានរាយការណ៍ បង្កជាបញ្ហាប្រឈមដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ សម្រាប់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកាន់អំណាចស្ទើរតែទាំងអស់នៃប្រវត្តិសាស្ត្រក្រោយសង្គ្រាមរបស់ប្រទេសជប៉ុន។
ការស្ទង់មតិដែលបានចេញផ្សាយ នៅថ្ងៃចន្ទនេះ បានឃើញថា ការគាំទ្ររដ្ឋាភិបាល បានធ្លាក់ចុះដល់កម្រិតទាប ខណៈដែលដៃគូចម្រុះរបស់គណបក្ស LDP បានព្រមានថា ការបំពានច្បាប់ណាមួយ នឹងមិនត្រូវបានអត់ឱនឲ្យនោះទេ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គណបក្សប្រឆាំងដ៏ធំ កំពុងរៀបចំអំពាវឲ្យមានញត្តិដកទំនុកចិត្ត ចំពោះរដ្ឋបាលរបស់លោក Kishida ។
យ៉ាងណាក្ដី ដោយបដិសេធមិនបញ្ជាក់លម្អិត លោក Kishida បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទនេះ ថា៖ «យើងនឹងពិចារណាវិធានការសមស្រប នៅក្នុងពេលវេលាដ៏ត្រឹមត្រូវ ដើម្បីស្តារទំនុកចិត្តសាធារណៈឡើងវិញ»។
លោក Kishida មិនចាំបាច់អំពាវនាវឲ្យមានការបោះឆ្នោតនោះឡើយ យ៉ាងហោចណាស់រហូតដល់ខែតុលា ឆ្នាំ២០២៥ ហើយក្រុមគណបក្សប្រឆាំងដែលបាក់បែក និងទន់ខ្សោយ បានប្រឹងប្រែងបង្កើតប្រវត្តិសាស្ត្រ ក្នុងការចូលទៅប្រជែងការគ្រប់គ្រងដ៏មាននិរន្តភាពរបស់គណបក្ស LDP៕