
យោធាបារាំង បាននិយាយកាលពីថ្ងៃអាទិត្យថា នាវាចម្បាំងបារាំងមួយគ្រឿង បានបាញ់ទម្លាក់យានដ្រូនពីរគ្រឿង នៅក្នុងសមុទ្រក្រហម ដែលកំពុងហោះឆ្ពោះទៅកាន់ខ្លួនពីឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។
ឧប្បត្តិហេតុនេះ បានកើតឡើង បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍បានគម្រាមវាយប្រហារនាវាណាមួយ ដែលធ្វើដំណើរទៅកាន់កំពង់ផែអ៊ីស្រាអែល លុះត្រាតែអាហារ និងថ្នាំពេទ្យ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបដែលឡោមព័ទ្ធនោះ។
អគ្គសេនាធិការកងទ័ព បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«ការស្ទាក់ចាប់ និងការបំផ្លាញការគំរាមកំហែងដែលបានកំណត់អត្តសញ្ញាណទាំងពីរនេះ ត្រូវបានធ្វើឡើង កាលពីល្ងាចថ្ងៃសៅរ៍ ដោយនាវាចម្បាំង Languedoc ដែលប្រតិបត្តិការ នៅសមុទ្រក្រហម។
អគ្គសេនាធិការនេះ បានបន្ថែមថា ការស្ទាក់ចាប់ បានកើតឡើង នៅម៉ោង ២០:៣០ ម៉ោងសកល និង ២២:៣ ០ ម៉ោងសកល និងមានចម្ងាយ ១១០គីឡូម៉ែត្រ (៦៨ ម៉ាយ) ពីឆ្នេរសមុទ្រយេម៉ែន និងកំពង់ផែ Hudaydah ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ទាមហ៊ូធី។
អគ្គសេនាធិការ បាននិយាយទៀតថា យានដ្រូនទាំងនោះ «កំពុងហោះហើរត្រង់ទៅកាន់នាវាចម្បាំង Languedoc»។